សម្តេចតេជោ ជំរុញឲ្យមានការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ទេសចរណ៍ និងវប្បធម៌
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យ លោកជំទាវ ពាន់ មហារ៉ានី រដ្ឋមន្រ្តីសម្របសម្រួលអភិវឌ្ឍន៍មនុស្សជាតិនិងកិច្ចការវប្បធម៌ របស់ឥណ្ឌូណេសុី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែតជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវពាន់ មហារ៉ានី បានគោរពជម្រាបជូនសម្តេចតេជោថា លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកម្មវិធីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងឥណ្ឌូណេស៊ី ដែលទំនាក់ទំនងនេះ បានបន្សល់ទុកដល់ជំនាន់ក្រោយយើង ពីព្រះបរមរតនកោដ្ឋផងនិងឯកឧត្តមអតីតប្រធានាធិបតីស៊ូកាណូ។

លោកជំទាវ បានសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះការចូលរួមយ៉ាងច្រើនអធិកអធ័ម អំពីថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីនៃខួបនៃទំនាក់ទំនងការទូតនេះ។ លោកជំទាវ បានជម្រាបជូនសម្ដេចតេជោផងដែរថា ការជ្រើសរើសយកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩នេះ នោះគឺកាលពី៦០ឆ្នាំមុនថ្ងៃនេះដែរ គឺថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ ប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានមកចូលរួមកម្មវិធីនេះហើយនាំមកនូវសិល្បករសិល្បការនី ចូលរួមកម្មវិធីធ្វើឲ្យកម្មវិធី ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ញ៉ាំងឲ្យមានភាពអធិកអធម និងពោពេញទៅដោយការចងចាំ។ សម្ដេចតេជោ ក៏បានប្រសាសន៍ថា ថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់នូវទំនាក់ទំនងនេះ ដល់យើងជំនាន់ក្រោយ ហើយក្រោយរយៈពេល៦០ឆ្នាំនេះ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី បានរីកធំធាត់ ដុះដាលនិងរឹងមាំជាលំដាប់។

ពីនោះទៅទៀត ឥណ្ឌូណេស៊ី ក៏បានដើរតួយ៉ាងសំខាន់កន្លងមករយៈពេល៦០ឆ្នាំនេះ ទាំងនៅក្នុងតំបន់ ទាំង នៅក្នុងពិភពលោក។ ដោយឡែកសម្រាប់កម្ពុជា ឥណ្ឌូណេស៊ី បានដើរតួរយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព ឲ្យកម្ពុជា នោះគឺចូលរួមធ្វើសហប្រធាន នៃកិច្ចចរចាផង និងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង។ ពីនោះទៅទៀត ឥណ្ឌូណេស៊ីក៏បានរួមចំណែក ក្នុងការបញ្ជូនទ័ពមកការពារសន្តិភាពក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាពង្រីកនូវកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហាត់និងការអភិវឌ្ឍធនធានមនុស្សផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បីណា ពង្រឹងនិងពង្រីកទំនាក់ទំនងនេះ ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ ទេសចរណ៍និងវប្បធម៌រួមគ្នាតែម្ដង ជាពិសេសទៀត ការផ្លាស់ប្តូរបទពិសោធន៍ ទំនាក់ទំនង ទស្សនកិច្ចគ្នា រវាងប្រជាជននិងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕(អត្ថបទ : សន ពិសិដ្ឋ )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation