ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ចំពេលដែលអាកាសធាតុប្រែប្រួល ធ្វើឲ្យពលរដ្ឋជាច្រើនមានជំងឺ​
| ព័ត៌មានជាតិ
SHARE

ព្រៃវែង ៖ ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាង៤០០នាក់ ដឹកនាំដោយឯកឧត្តម លេង ផាលី បានបន្តចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំ ដោយឥតគិតថ្លៃ ​​ដល់ប្រជាពលរដ្ឋ ជាង៤ពាន់៧០០នាក់​ នៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី​នៃកម្មវិធីនេះ, ឯកឧត្តម ហ៊ឺ បាវី ​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះស្ដេច​ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា កម្មវិធីនៅពេលនេះ ធ្វើឡើងស្របទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ ខណៈសុខភាពរបស់ពួកគាត់ មានជំងឺកើតឡើងច្រើន ដោយសារការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព របស់ក្រុមគ្រូពេទ្យ ដោយបង្ហាញថា ក្រុមគ្រូពេទ្យទាំងអស់ បានបំពេញការងារ ដោយពេញចិត្ត ចំពោះកិច្ចការមនុស្សធម៌នេះ។

តាមប្រសាសន៍ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ​នេះ ​គឺកើតចេញពី ស្មារតីមនុស្សធម៌​ ​ពោលគឺការព្យាបាល មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​។ ឯកឧត្តមប្រធានក្រុមការងារ ចាត់ទុកថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរក ភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូន​ថា នេះគឺជាលើកទី១៩៧ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានទៅពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គិតចាប់ពីថ្ងៃបង្កើតក្រុមការងារមក។ ​បេសកកម្មចំនួន១៩៧លើកកន្លងមកនេះ ​មានប្រជាពលរដ្ឋ​ ជិត៤៧ម៉ឺននាក់ហើយ ក្នុង១៩រាជធានី/ខេត្ត ដែលទទួលបានសេវាសុខភាពនេះ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation