ស្ដង់ដារវិថីនិងតូបលក់ម្ហូបអាហារនឹងបញ្ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងប្រកាសដាក់ឱ្យអនុវត្តន៍ ក៏ដូចជាដាក់បញ្ចូលស្ដង់ដារវិថីម្ហូបនិងស្តង់ដារ តូបលក់ម្ហូបអាហារ ទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត នៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងនឹងស្នើរាជរដ្ឋា ភិបាល សុំដាក់បញ្ចូលស្ដង់ដារវិថីម្ហូបអាហារ (Food Street) និងស្ដង់ដារតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត។

ឯកឧត្តម ថោង ខុន បានលើកឡើងក្នុងកិច្ចប្រជុំមួយ នៅទីស្ដីការក្រសួងទេសចរណ៍ នាពេលថ្មីៗនេះថា ការត្រៀមស្នើរ សុំដាក់បញ្ចូលស្ដង់ដារវិថីម្ហូបអាហារ (Food Street) និងស្ដង់ដារតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត គឺដើម្បីលើកកម្ពស់អនាម័យម្ហូបអាហារ នៅកម្ពុជា ដែលជាសក្ដានុពលដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងទៀតថា ស្ដង់ដារវិថីម្ហូបអាហារ និងស្ដង់ដារតូបលក់ម្ហូបអាហារ (ទាំងចល័ត និងអចល័ត) នឹងក្លាយជា ផ្នែកមួយ ដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់ គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់សេវា កម្មម្ហូបអាហារផង និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏នឹងចូលរួមលើកកម្ពស់សោភណភាពទីក្រុង លើកកម្ពស់ ភាពស្អាត និងបៃតងនៅតាម ក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅ ទេសចរណ៍ទៀតផង។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ជាការគ្រោងទុក នៅពេលរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងប្រកាសដាក់ឱ្យអនុវត្តន៍ ស្ដង់ដារ វិថីម្ហូបអាហារ និងស្ដង់ដារតូបលក់ ម្ហូបអាហារនេះ ទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីបំផុសឱ្យក្រុងបេក្ខភាពនានាខិតខំរៀបចំទីក្រុង របស់ខ្លួនឱ្យកាន់តែលេចធ្លោឡើងថែមទៀត៕អត្ថបទ៖ប៊ូ ដូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation