ក្រសួងពាណិជ្ជកម្ម និងអង្គការJETRO ចុះMOU ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនជប៉ុន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចល្អសម្រាប់ទាក់ទាញក្រុមហ៊ុនឯកជនពីប្រទេសជប៉ុនមកកម្ពុជា។ គណៈប្រតិភូអង្គការ JETRO បានដឹកនាំដោយលោកស្រីបណ្ឌិត យូរី សាតូ (Yuri Sato) នាយករងនៃអង្គការ JETRO។

ថ្លែងក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អនុស្សរណៈនេះនឹងជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជំរុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោលបំណងបង្កើតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម និង JETRO។ ជាមួយនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកត់សម្គាល់នូវសកម្មភាពមួយចំនួនដែល JETRO បានអនុវត្តនៅកម្ពុជា រួមមាន ការផ្គូផ្គងធុរកិច្ច ការសិក្សាវិភាគ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការសម្របសម្រួលបញ្ហាជូនក្រុមហ៊ុនជប៉ុន ការបណ្ដុះបណ្ដាលមន្ត្រី និងវិស័យឯកជន និងការជួយដល់ក្រុមហ៊ុនកម្ពុជាចូលរួមក្នុងពិព័រណ៍ជប៉ុន។ ឯកឧត្តម បានកោតសរសើរថា តាមរយៈការខិតខំប្រឹងប្រែងប្រមូលព័ត៌មានពិតពីទីផ្សារកម្ពុជារបស់ JETRO បានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន Aeon មកវិនិយោគផ្សារទំនើបនៅកម្ពុជាជាបន្តបន្ទាប់ ហើយការបង្កើតផ្សារទំនើប Aeon នេះដែរ បានយកមកជាមួយនូវស្ដង់ដារល្អៗ ដូចជាស្ដង់ដារអនាម័យជាដើម មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ដែលជាតម្លៃបន្ថែមមួយនៃការវិនិយោគនេះផងដែរ។

ជាកិច្ចឆ្លើយតបលោកស្រីបណ្ឌិត យូរី សាតូ បានថ្លែងអំណរគុណចំពោះការកោតសរសើររបស់ឯកឧត្តមរដ្ឋមន្ត្រី។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះធុរកិច្ចជប៉ុន។ លោកស្រីក៏បានកត់សម្គាល់នូវកំណែទម្រង់មួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងអនុវត្ត ក្នុងការសម្រួលដល់ការប្រកបធុរកិច្ច និងពាណិជ្ជកម្ម ដែលនេះជាសញ្ញាវិជ្ជមានដែលលោកស្រីនឹងពាំនាំទៅផ្សព្វផ្សាយ។ ក្រៅពីនេះ លោកស្រីបានជម្រាបជូនថា JETRO មានការងារថ្មីមួយដែល JETRO នឹងអនុវត្ត គឺការជំរុញនវានុវត្តន៍ និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹងការផ្គូផ្គងធុរកិច្ចក្នុងវិស័យនវានុវត្តន៍។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈដែលក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO បានចុះកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានរួមចំណែកដល់កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ដែលក្នុងឆ្នាំ២០០៩ មានចំនួនតិចតួច ហើយក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ចំនួនប្រមាណ ១,៦ ប៊ីលានដុល្លារសហរដ្ឋអាមេរិក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation