អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុង១ឆ្នាំៗបរិមាណសំរាមនៅកម្ពុជាបង្កើតប្រមាណជាជិត ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងបរិស្ថានបានផលិត និងផ្សព្វផ្សាយស្ពតវិដេអូអប់រំបរិស្ថានមួយក្នុងគោលបំណងបង្កើនចំណេះដឹង ក៏ដូចជាចូលរួមកែប្រើឥរិយាបថរបស់ប្រជាពលរដ្ឋទាក់ទងនឹងការប្រើប្រាស់ថង់ប្លាស្ទិក និងដើម្បីបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិកសំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និងសោភណភាព។ 

មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង ១ម៉ឺនតោនក្នុងមួយថ្ងៃៗដែលពលរដ្ឋរស់នៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ាន់ប្រមាណថាបានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។

សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣.០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាមជិត ៤០០ តោនក្នុងមួយថ្ងៃ។

អ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបានតាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។ 

ម្ចាស់អាជីវកម្មនិងម្ចាស់សេវាកម្មនានាដែលលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ហើយស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានទទួលការលើកទឹកចិត្ត។

ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដោយបានកំណត់ពីវិធានការគិតតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តផងដែរ៕ដោយ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation