សម្តេចតេជោ ថ្លែងអំណរគុណដល់ព្រះសង្ឃ​ ដែលបានផ្តល់ទីកន្លែងស្នាក់អាស្រ័យ ដល់កុមារ និងយុវជន ដើម្បីបន្តការសិក្សា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ​បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច ព្រះកិត្តិយស៣ព្រះអង្គ នៃគណៈមហានិកាយ របស់ព្រះរាជាណាចក្រកម្ពុជា​ នៅវត្តបទុមវតី រាជធានីភ្នំពេញ។

សម្តេចព្រះកិត្តិយសទាំង ៣អង្គ ដែលបានប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី នៅព្រឹកថ្ងៃនេះ រួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។


សម្តេចតេជោ ​នាយករដ្ឋមន្ត្រី នៅក្នុងឱកាសនេះ បានលើកឡើងជាថ្មីម្តងទៀតថា ទំនាក់ទំនងរវាងវិស័យពុទ្ធិចក្រ និងអាណាចក្រ ពិតជាមិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។ ក្នុងនោះ ការគ្រប់គ្រងវិស័យអាណាចក្រ ឬការគ្រប់គ្រងរដ្ឋ បានជួយទ្រទ្រង់ដល់វិស័យសាសនា និយាយជារួម និងនិយាយដោយឡែក សម្រាប់ព្រះពុទ្ធសាសនា។ ការគ្រប់គ្រងផ្នែកអាណាចក្រ ក៏បានទទួលមកវិញ ពីវិស័យសាសនា គឺសាសនាបានអប់រំមនុស្ស។ ការអប់រំមនុស្ស ឲ្យធ្វើអំពើល្អនេះហើយ បានផ្តល់ឲ្យមានភាពងាយស្រួល នៅក្នុងការគ្រប់គ្រងរដ្ឋ។

សម្តេចបានបន្ថែមថា ​ទីវត្តអារ៉ាម ក៏ជាទីកន្លែង សម្រាប់ការស្នាក់អាស្រ័យរបស់កុមារ យុវជន និងសិក្សានុសិស្ស ដែល​ស្វែងរកការសិក្សា នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។ ម្យ៉ាងទៀត ទីវត្តអារ៉ាម ក៏ជាទីកន្លែងទីអាស្រ័យ សម្រាប់​​មនុស្សវ័យចំណាស់ផងដែរ។
ភ្ជាប់ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានផ្តល់ទីកន្លែង សម្រាប់យុវជនស្នាក់អាស្រ័យ ដើម្បីបន្តការសិក្សា។ សម្តេច បានលើកឡើងថា សម្តេចពិតជារីករាយណាស់ ព្រោះក្នុងដំណើរជីវិតរបស់សម្តេច ក៏បានចាប់ផ្តើមពី ជីវិតក្មេងវត្តម្នាក់ផងដែរ។

សម្តេចនៅក្នុងពិធីនេះ បានអំពាវនាវ ឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសន្តិភាព ដែលរកបានដោយលំបាក។ សម្តេចបានបញ្ជាក់ថា បើគ្មានសន្តិភាព វិស័យសាសនា និងវិស័យអាណាចក្រ គឺមិនអាចរីកចម្រើនបានទេ, មានសន្តិភាព គឺមានអ្វីៗទាំងអស់។


បើតាមប្រសាសន៍ ឯឝឧត្តម ទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ក្រោយពីរស់រានមានជីវិតឡើងវិញ នៅក្នុងពេលដំណាលគ្នាតែមួយ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាល ​បានខិតខំអស់កម្លាំងកាយចិត្ត​ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ជាពិសេស ធ្វើឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា មានការបោះជំហានទៅមុខជាលំដាប់ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការភិវឌ្ឍ និងរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ។

ឯកឧត្តម​ បានបង្ហាញឲ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេស មានវត្តសរុប៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ជាង៦ម៉ឺន៦ពាន់​អង្គ ដែលក្នុងនោះ ខាងគណៈមហានិកាយ មានវត្តចំនួនប្រមាណ ៤,៧០០វត្ត មានព្រះសង្ឃ ជាង៦ម៉ឺន២ពាន់​អង្គ ហើយខាងគណៈធម្មយុត្តិកនិកាយ មានវត្តចំនួន ២២៥វត្ត មានព្រះសង្ឃ ប្រមាណ៣,៩០០ព្រះអង្គ៕



អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation