វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយអ្នកពាក់ព័ន្ធ ស្តីពីការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ សម្រាប់សូចនាករគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សិក្ខាសាលារយៈពេល៤ថ្ងៃ​ ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញនេះ មានគោលបំណងសំខាន់ ​គឺដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រ ចូលរួមពីសំណាក់អ្នកប្រើប្រាស់ទិន្នន័យ សម្រាប់សូចនាករគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ទូទៅ ឲ្យមានការចូលរួម កាន់តែទូលំទូលាយ ក្នុងការឆ្ពោះទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

  បើតាមមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលដៅ ចង់ដឹងពីតម្រូវការពីអ្នកប្រើប្រាស់ ដើម្បីធ្វើជាធាតុចូល សម្រាប់វិទ្យាស្ថាន នៅក្នុងការផលិតទិន្នន័យ ហើយក៏ចង់ឲ្យទាំងអ្នកផលិត និងអ្នកប្រើប្រាស់ កាន់តែមានភាពជិតស្និទ្ធ។   

  លោកបន្តថា បច្ចុប្បន្ន ការប្រើប្រាស់ទិន្នន័យ គឺជាធាតុដ៏សំខាន់បំផុត សម្រាប់តាមដានការអភិវឌ្ឍ ដូច្នេះហើយកាលណា ការផ្សព្វផ្សាយទិន្នន័យ កាន់តែទូលំទូលាយ មានន័យថា យើងបានបង្ហាញភស្តុតាង នៃការអភិវឌ្ឍ និងភស្តុតាងនៃបញ្ហាប្រឈមនានា ហើយតាមរយៈទិន្នន័យនេះ វាបានបង្ហាញឲ្យយើងឃើញថា យើងកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា និងត្រូវឆ្ពោះទៅមុខរបៀបណា។ មន្ត្រីវិទ្យាស្ថានដដែល បានបញ្ជាក់ថា ការផលិតទិន្នន័យ នាពេលបច្ចុប្បន្ន មិនទាន់អាចឆ្លើយតបបានទាំងស្រុង ចំពោះអ្នកប្រើប្រាស់នៅឡើយនោះទេ​។ ​

  នៅក្នុងសិក្ខាសាលានេះ ​បញ្ហារបស់អ្នកប្រើប្រាស់ភាគច្រើន ចង់ឲ្យអ្នកផលិត បង្កើនប្រសិទ្ធភាពការងារ តាមរយៈការផលិតទិន្នន័យ ឲ្យបានកាន់តែលំអិត ហើយផ្សព្វផ្សាយទិន្នន័យ ឲ្យបានទូលំទូលាយ និងឆាប់រហ័សជាងមុន ពោលគឺបង្កើនការផ្សព្វផ្សាយទិន្នន័យ ឲ្យបានកាន់តែច្រើន តាម​ប្រព័ន្ធអ៊ីនធឺណិត។

  ដោយឡែក ជាតម្រូវការរបស់វិទ្យាស្ថានជាតិស្ថិតិ គឺចង់បានការសហការ កាន់តែជិតស្និទ្ធ ជាមួយនឹងអ្នកប្រើប្រាស់ ពោលគឺខាងវិទ្យាស្ថាន ចង់ដឹងថាតើស្ថិតិអ្វី ដែលអ្នកប្រើប្រាស់មិនទាន់មាន វិទ្យាស្ថានជាតិស្ថិតិ ដែលជាស្ថាប័នសម្របសម្រួលសម្រាប់ការផលិតនោះ អាចទំនាក់ទំនង ដល់អ្នកផលិតផ្សេងៗទៀត សហការជាមួយគ្នា ផលិតទិន្នន័យសម្រាប់អ្នកប្រើប្រាស់ ដល់ដៃអ្នកប្រើប្រាស់ទាន់ពេលវេលាជាងមុន និងមានគុណភាព៕អត្ថបទ ៖ សន ពិសិដ្ឋ​ រូបភាព ៖ លឹម មុនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation