ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យករណីបាក់ច្រាំងទន្លេ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ​ ដើម្បីរកវិធីទប់ស្កាត់បន្ថែមកុំឱ្យបាក់ស្រុតតទៅទៀត
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖  នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយ លោក ជឺ​ អាន អភិបាលរងស្រុកត្បូងឃ្មុំ អញ្ជើញចុះពិនិត្យមើលករណីបាក់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មូំ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យទំហំខូចខាត និងរកវិធីទប់ស្កាត់បន្ថែមទៀត កុំឱ្យផ្លូវបេតុង១ខ្សែរងការខូចខាត។ ចំពោះផ្លូវបេតុង ១ខ្សែនេះ គឺនៅតាមបណ្តោយទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ភូមិកំពង់ឫស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មូំ កាត់ទៅស្រុកក្រូចឆ្មារ និងបន្តឆ្ពោះទៅដល់ខេត្តក្រចេះ។

ក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យច្រាំងទន្លេបាក់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តមជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ពលរដ្ឋដែលមានផ្ទះនៅជាប់ដងទន្លេ ដែលទទួលរងនូវផលប៉ះពាល់ពីការបាក់ច្រាំងទន្លេឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាពិសេសនៅពេលទឹកឡើង ក្នុងពេលណាមួយនោះ ខណៈដែលបច្ចុប្បន្ននេះច្រាំងទន្លេ នៅទីនោះបានបាក់នោះ។ ដូច្នេះ ដើម្បីសិក្សាពីបញ្ហាខ្វះខាត រហូតឈានទៅទប់ស្កាត់នោះ ទើបទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះមកពិនិត្យមើលដោយផ្ទាល់នាពេលនេះ គឺដើម្បីរកវិធីបន្ថែមទៀតទប់ស្កាត់កុំឱ្យ ផ្លូវបេតុងនេះបាក់ស្រុតបាន។ ជាមួយគ្នានោះឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការងារចាក់បាវខ្សាច់ឱ្យបានលឿនដើម្បីបញ្ឈប់ការបាក់ស្រុតបន្ថែមទៀត ។ 

បើតាមលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ត្រង់ចំណុចស្ថិតក្នុងភូមិកំពង់ឫស្សី ឃុំជីរោទ៍ទី១ ករណីបាក់ច្រាំងនៅចំណុចផ្លូវកែងជិតវត្តកំពង់ឫស្សី បានបាក់ជាបន្តបន្ទាប់រហូតដល់ផ្លូវបេតុង បណ្តាលឱ្យប៉ះពាល់ត្រូវរុញចល័តផ្ទះប្រជាពលរដ្ឋចំនួន   ០១ខ្នង ឈ្មោះ ភិន សុខន ភេទប្រុស អាយុ ៤៤ឆ្នាំ មានសមាជិកចំនួន ០៦នាក់ ស្រីចំនួន ០៤នាក់ កុមារចំនួន ០៣នាក់ ស្រីចំនួន ០៣នាក់ ផ្ទះទំហំ ៦ម៉ែត្រ x ១២ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី។

ជាមួយគ្នានេះ ច្រាំងទន្លេនៅក្នុងស្រុកក្រូចឆ្មារ ក៏បានបាក់ផងដែរ និងកំណាត់ផ្លូវខ្លះត្រូវបានទឹកជន់លិច នៅស្រុកត្បូងឃ្មុំ ក្រូចឆ្មារ និងស្រុកអូរាំងឪ។

សូមបញ្ជាក់ថា ក្រោយដឹងដំណឹងថាមានការបាក់ច្រាំងទន្លេនៅចំណុចនេះភ្លាមៗ ក្រោមអនុសាសន៍សម្តេចតេជោ សុខទុក្ខរបស់ពលរដ្ឋ ជាសុខទុក្ខនិងភារកិច្ចបស់មន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញចុះសិក្សាភ្លាម ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេ ដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើនេះ ។ ជាក់ស្តែងបានប្រើយុទ្ធសាស្ត្រទន្លេជួយទន្លេ ដោយផ្តល់សាឡង់បូមខ្សាច់ពីទន្លេ យកមកចាក់ទប់ និងឈូសផ្លូវវាងទីនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សងៗ។

មួយវិញទៀត បានឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនពលរដ្ឋ ដោយមានជាការចុះជួយរុះរើ និងរំកិលផ្ទះពលរដ្ឋ ទៅកាន់កន្លែងមានសុវត្ថិភាព ក៏ដូចជាចុះសំណេះសំណាល ផ្តល់ជាអំណោយជាបន្តបន្ទាប់ និងណែនាំឱ្យនៅកៀកជាប់ជាមួយពលរដ្ឋ ប្រមូលសំណូមពរតម្រូវការចាំបាច់នានា ដើម្បីដោះស្រាយជូនភ្លាមៗ។

សូមជម្រាបដែរថា មកដល់ថ្ងៃនេះផ្លូវមួយចំនួនត្រូវបានទឹកឡើងលិចធ្វើដំណើរដោយម៉ូតូ និងរថយន្តលេងកើតដូចជាផ្លូវពីឃុំបឹងព្រួល មកឃុំថ្មពេជ្រ ថ្លូវពីឃុំពាមជីលាំង មកឃុំថ្មពេជ្រ និងពីឃុំឈូក ទៅស្រុកក្រូចឆ្មារជាដើម៕ដោយ៖ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation