សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ទទួលជួបសម្តែងការគួរសមលោកជំទាវភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី 
| ព័ត៌មានជាតិ
SHARE

ឆ្លៀតក្នុងខណះដែលឯកឧត្តមមហាធា មហាម៉ាត់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២ដល់ថ្ងៃទី៤ខែកញ្ញានេះតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ នាព្រឹកថ្ងៃអង្គារ៥កើតខែភទ្របទឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩ លោកជំទាវស៊ីទី  ហាសម៉ា  ម៉ូដអាលី (TUN Dr. SITI HASMAH MOHD ALI )ភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ីមហាធា មហាម៉ាត់បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចស្វែងយល់ពីកាកបាទក្រហមកម្ពុជានិងជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

យោងតាមឯកឧត្តម តាំង សាមឿន លេខាធិការសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ៖ ក្នុងជំនួបសម្តែងការគួរសមនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីរីករាយចំពោះលោកជំទាវបណ្ឌិតស៊ីទី  ហាសម៉ា  ម៉ូដអាលី (TUN Dr. SITI HASMAH MOHD ALI) ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧទ្ទេសនាមអំពីរចនាសម្ព័ន្ធរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្នាក់កណ្តាល រហូតដល់សាខាទាំង២៥រាជធានីខេត្ត នឹងមានបណ្តាញអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាជិត ៦ម៉ឺននាក់ បាននិងកំពុងបំពេញបេសកម្មមនុស្សធម៌ទៅតាមវិស័យស្នូលទាំង៤ និងស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ព្រមទាំងបានលើកឡើងពី ប្រតិបត្តិការផ្សេងៗព្រមទាំងសមិទ្ធិផលរបស់កាកបាទក្រហមកម្ពុជាដែលសំរេចបានជោគជ័យជាច្រើនទៀត ក្នុងនោះក៏មានការជួយជនភៀសសឹកនៅតាមព្រំដែនគឺកាកបាទក្រហមកម្ពុជាបានជួយធ្វើមាតុភូមិនិវត្តន៍ក្នុងសម័យអន្តរកាលដើម្បីអោយពួកគាត់បានមករួមរស់ក្នុងសង្គមជាតិវិញប្រកបដោយភាពរីករាយ សុខសាន្ត ក្រោមដំបូលសន្តិភាព ក្រោយមកទៀតមិនមានជនភៀសសឹកនោះទេដោយសារប្រទេសកម្ពុជាដឹកនាំដោយរាជរដ្ឋាភិបាលបច្ចុប្បន្នបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍ លើសពីនេះក្រោយរំដោះថ្ងៃ៧មករា១៩៧៩សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបង្កើតមជ្ឈមណ្ឌលមួយដើម្បីជួយជនចាស់ជរា ស្ត្រីម៉េម៉ាយ កុមារកំព្រាជាដើមដើម្បីជួយពួកគាត់នូវការកសាងនូវសមត្ថភាពនិងអភិវឌ្ឍសង្គម  ។ ជាមួយគ្នានេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានលើកឡើងពីប្រវត្តិនៃការកកើតកាកបាទក្រហមកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ដោយព្រះមហាវិរៈក្សត្រព្រះរបមរតនកោដ្ឋ និងបានដំណើរការក្នុងអំឡុងសង្គ្រាមការទម្លាក់គ្រាប់បែករបស់មហាអំណាចមកលើទឺកដីកម្ពុជាហើយកាកបាទក្រហមកម្ពុជាបានបញ្ឈប់ដំណើរការពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ តែបានកកើតឡើងវិញតាមរយះភាពជាដៃគូដែលមានភាគីចំនួន៣ក្នុងចំណោម៤ភាគីក្នុងអំឡុងឆ្នាំ១៩៩៤ដោយព្រះអង្គម្ចាស់ម៉ារី រានរិទ្ធិជាប្រធាននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាអនុប្រធានបន្តមកនៅឆ្នាំ១៩៩៨កាកបាទក្រហមកម្ពុជាបានរៀបចំមហាសន្និបាតដោយពេលនោះអង្គសន្និបាតបានបោះឆ្នោតសម្តេចកិត្តិព្រឺទ្ធបណ្ឌិតជាប្រធានកាកបាទក្រហមកម្ពុជារហូតដល់បច្ចុប្បន្ននេះ ។បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជាក្នុងរយះពេលជាង២០ឆ្នាំនេះ គឺដោយសារទទួលបានការគាំទ្រនិងជឿទុកចិត្តយ៉ាងគគ្រឹកគគ្រេងពិសេសក្នុងការប្រារព្ធទិវា ៨ ឧសភា ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមគាំទ្រ និងបរិច្ចាគធនធានពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិគ្រប់ស្រទាប់ទាំងក្នុងនិងក្រៅប្រទេស ហើយថវិកាដែលទទួលបានពីសប្បុរសជននេះកាកបាទក្រហមកម្ពុជាបានយកទៅធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពកត្តានេះបានធ្វើអោយទទួលបានការគាំទ្រនិងជឿទុកដាក់ពីសប្បុរសជណជាតិអន្តរជាតិកាន់តែច្រើនឡើងៗ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងនាមសមាគមជាតិជាបងប្អូនរវាងកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមម៉ាឡេស៊ីក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលក្នុងនោះមានការបញ្ជូនអ្នកស្ម័គ្រចិត្តអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ចំនួន ៤០នាក់ មកទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទៀតផង។

ជាការឆ្លើយតបលោកជំទាវបណ្ឌិតស៊ីទី  ហាសម៉ា  ម៉ូដអាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនាពេលនេះ និងបានថ្លែងនូវការកោតសរសើរចំពោះប្រសាសន៍លើកឡើងពីប្រវត្តិនៃការកកើតសមាគមជាតិកាកបាទក្រហមកម្ពុជា និងពីរចនាសម្ព័ន្ធការងារនិងប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា ដែលទទួលបានសមិទ្ធផលជាច្រើនក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសសកម្មភាពលេចធ្លោគួរជាទីមោទនៈរបស់កាកបាទក្រហមកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចាប់តាំងពីឆ្នាំ១៩៩៨រៀងមកដោយបានបំពេញតួនាទីដោយមិនមានការរើសអើងនៅទូទាំងប្រទេស។  លោកជំទាវបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្នុងរយះពេល២០ឆ្នាំនេះជាពិសេសការរក្សាបាននូវសន្តិភាព ស្ថិរភាព សាមគ្តីភាព និងឯករាជ្យភាព នៅក្នុងប្រទេស ដែលនេះពិតជាបានឆ្លុះបញ្ចាំងពីសមត្ថភាព ជំនាញ និងចំណេះដឹងពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។ ចំពោះការលើកឡើងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បាននូវអំណរគុណចំពោះការលើកសសើរពីកាកបាទក្រហមកម្ពុជា និង ពីប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមតាំង សាមឿនបន្តថាមុនបញ្ជប់នៃជំនួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងលោកជំទាវបានចែករំលែកបទពិសោធន៍នៃការទទួលបាននូវសុខភាពល្អដើម្បីបន្តជួយដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនថែមទៀត ។

ជាចុងក្រោយនៃជំនួបសម្តែងការគួរសមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរ លោកជំទាវ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងទទួលបាននូវសុខភាពល្អ ព្រមទាំងទទួលបាននូវភាពជោគជ័យបន្ថែមទៀតពិសេសក្នុងអាណត្តិថ្មីនេះ ។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ និងជូនដំណើរគណៈប្រតិភូទស្សនាសាលពិព័រណ៍កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើក្រាំងមាសកាកបាទក្រហមកម្ពុជា និងថតរូបអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយជាទីបំផុត៕អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation