ក្រុមគ្រួសារដែលរងគ្រោះដោយរថយន្តដឹកដីបុករះចូលផ្ទះស្លាប់ប្រពន្ធនិងកូន នោះ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា 
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ នៅក្នុងពិធីចែកអំណោយមនុស្សធម៌ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានសម្តែងនូវក្តីសោកស្តាយយ៉ាងបន់ពេក និងបានចូលរួមចែករំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយនឹងគ្រួសារជនរងគ្រោះ ដែលបានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់ជីវិតមនុស្សរហូតដល់ទៅ៣នាក់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរមូលដ្ឋាន បងប្អូនក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ក្រុមយុវជនក១២ ដែលទាំងអស់គ្នាសុទ្ធសឹងតែបានលះបង់នូវកម្លាំងកាយចិត្តដោយមិនគិតពីភាពនឿយហត់ក្នុងការងារចុះជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុនានា ក៏ដូចជាការខិតខំជួយសង្គមជាតិជាច្រើនតាមរយះចលនាយុវជន។

លោកអភិបាលស្រុក ថ្លែងបែបនេះ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងពិធីជួបជុំពលរដ្ឋចំនួន៩៥គ្រួសារ ដែលរស់នៅក្នុងភូមិចាំយាម និងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីបង្ហាញពីទឹកចិត្តនឹករលឹកនិងសកម្មភាពមនុស្សធម៌របស់សាខា, អនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា ខណៈដែលលោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា ត្រូវបានរាចរដ្ឋាភិបាលផ្ទេរភារកិច្ច ទៅជាអភិបាលស្រុកបទុមសាគរ។

ជាការឆ្លើយតបនាឱកាសនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចូលរួមចែករំលែកទុក្ខនិងផ្តល់នូវអំណោយជាថវិកាផ្ទាល់ខ្លួនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តោយបាត់បង់នូវជីវិត ប្រពន្ធ និងកូនយ៉ាងសោកសង្រេង និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវ កិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរពីសុខទុក្ខពលរដ្ឋនៅគ្រប់ទិសទី ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ ។

ទន្ទឹមនិងនេះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់មេត្តាបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីបាតុភូតខ្យល់កន្ត្រាក់ ពិសេសបងប្អូនដែលរស់នៅក្បែរមាត់ទឹក និងបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក ព្រោះរដូវនេះ សម្បូរទៅដោយព្យុះភ្លៀង រលកសមុទ្រធំ ដែលជាហេតុបង្កឲ្យបងប្អូនងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗជាយថាហេតុ ពិសេសត្រូវថែរក្សាអនាម័យបរិស្ថានៅជុំវិញផ្ទះរបស់ខ្លួនឲ្យល្អ និងត្រូវឲ្យក្មេងៗដេកក្នុងមុងជានិច្ចដើម្បីជៀសវាងនូវជំងឺគ្រុនឈាម ដែលកំពុងរីករាយដាល ក៏ដូចជាការចូលរួមគោរពច្បាប់ចរាចរណ៍បើកបរដោយពាក់មួកសុវត្តិភាព និង ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីជៀសវាងនូវការជួបឧបទ្ទវហេតុដែលគួរឲ្យសោកសង្រេងដូចលើកនេះទៀត ។

សូមបញ្ជាក់ថា អំណោយដែលសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ផ្តល់ជូនបងប្អូននាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៥ម៉ឺនរៀល អង្ករ២០គីឡូក្រាម មីមួយកេស អាវយឺត២ ទឹកសុទ្ធ១យូរ និងគ្រឿងឧបភោគបរិភោគមួយចំនួនថែមទៀត៕ ដោយ៖ តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation