អត្ថបទឈ្វេងយល់ ពីប្រទេសម៉ាឡេស៊ី 
| ព័ត៌មានជាតិ
SHARE

យោងតាមសៀវភៅ The world Almanac 2019 ប្រទេសម៉ាឡេស៊ី មានឈ្មោះជាផ្លូវការណ៍ថា "ម៉ាឡេស៊ី" ដោយមានបណ្តាជន រស់នៅជិត៣២លាននាក់ ពោលគឺលំដាប់ទី៤២ នៃពិភពលោកយើងនេះ និងមានដង់ស៊ីតេ៩៦,៨នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។

ក្រុមប្រជាពលរដ្ឋ រួមមានជនជាតិ ប៊ូម៊ីពូតេរ៉ា៦១,៧% (ម៉ាឡាយូ និងអំបូរភាគតិចដ៏ទៃទៀត ដូចជា អូរ៉ង់អាស្លី ដាយ៉ា អាណាក់ នេស្សារី) ចិន២០,៨%  ឥណ្ឌា៦,២% និងក្រុមពលរដ្ឋជាជាតិដទៃទៀតចំនួន១០,៤%។ ភាសាផ្លូវការ នៃប្រទេសនេះ គឺបាហាស្សាម៉ាឡេស៊ី ក្រៅពីនេះ មានប្រើភាសាអង់គ្លេស ចិន ទមិឡ តេឡូហ្គូ ម៉ាឡាយ៉ាឡាំ ប៉ាន់ចាប៊ី និងថៃ។ សាសនាផ្លូវការគឺសាសនាមូលស្លីមដែលមានបណ្តាជនប្រតិបត្តិ៦១,៣% នៃបណ្តាជនសរុប។ ក្រៅពីនេះ មានអ្នកកាន់សាសនាព្រះពុទ្ឋ១៩,៨% យេស៊ូ៩,២% និងហិនដូ៦,៣%។

រីឯ ទីតាំងភូមិសាស្រ្តវិញ ប្រទេសនេះ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានឆ្នេរសមុទ្រនៅភាគខាងជើង នៃកោះប៊កនេអូ ព្រមទាំងជាប់នឹងប្រទេសថៃ និងព្រុយនេ។ រីឯខាងត្បូងវិញ ជាប់នឹងប្រទេសឥណ្ឌូនេស៊ី។ ប្រទេសម៉ាឡេស៊ី មានផ្ទៃដី៣២៩ពាន់,៨៤៧គីឡូម៉ែត្រក្រឡា ឈរនៅលំដាប់ទី៦៦ នៅលើពិភពលោក។ 

រាជធានី នៃប្រទេសម៉ាឡេស៊ី គឺ"កូឡាឡាំពួ" មានបណ្តាជនរស់នៅជាង៧លាន ៥សែននាក់។ ដោយឡែក ទីក្រុងឈ្មោះពូត្រាយ៉ាយ៉ា ជាទីក្រុងរដ្ឋបាល សំរាប់កិច្ចការរាជការ និងវិមានរដ្ឋាភិបាល នៅចំកណ្តាល ហើយនឹងនៅមាន ទីក្រុងមួយទៀត ឈ្មោះ ស្សូហូបារ៉ូ មានបណ្តាជន រស់នៅប្រមាណ៩សែន ៩ម៉ឺននាក់។ ចំពោះទំរង់ រដ្ឋាភិបាលវិញ ម៉ាឡេស៊ី ជាប្រទេសបែបសហព័ន្ឋរាជាធិបតេយ្យ អាស្រ័យធម្មនុញ្ញ។

ប្រមុខរដ្ឋ គឺព្រះមហាក្សត្រ ព្រះនាម មហាម៉ាត់ រជ្ជកាលទី៥ ព្រះអង្គទ្រង់ប្រសូត នៅឆ្នាំ១៩៦៩ សោយរាជ្យសម្បត្តិ ចាប់ពីថ្ងៃទី១៣ ខែធ្នូ២០១៦មក។ រីឯ ប្រមុខរាជរដ្ឋាភិបាល គឺឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ ដែលលោកកំពុងបំពេញ ទស្សនៈកិច្ចផ្លូវការ នៅរាជធានីភ្នំពេញ នាវេលានេះ។

ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ កើតនៅឆ្នំា១៩២៥ សព្វថ្ងៃមានជន្មាយុ៩៤ឆ្នាំ ជានាយករដ្ឋមន្រ្តី ដែលមានអាយុច្រើនជាងគេបំផុត នៅលើពិភពលោក។ លោកត្រូវបានគេស្គាល់ថា ជាបិតាស្ថាបនិក រដ្ឋម៉ាឡេស៊ីទំនើប និងជាអ្នកចូលចិត្ត កាន់ចង្កូតរថយន្តដោយខ្លួនឯង សូម្បីតែស្ថិតនៅក្នុងតំណែងនាយករដ្ឋមន្រ្តីក៏ដោយចុះ ក៏លោកនៅតែកាន់ចង្កូតរថយន្តខ្លនឯងដដែល។ លោកបានឈ្នះឆ្នោត  ក្នុងសំលេងដ៏ច្រើនលើសលប់ តាមការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។តាមរយៈការបោះឆ្នោតនេះ លោកបានចូលកាត់ដំណែង ជានាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ជាថ្មីម្តងទៀត កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨មក។

ប្រទេសម៉ាឡេស៊ីបែងចែក ជា១៣រដ្ឋ និងដែនដីសហព័ន្ឋ១។ ចំពោះសេដ្ឋកិច្ចវិញ ម៉ាឡេស៊ី ជាប្រទេសដែលមានខឿនឧហ្សាកម្មដ៏ល្អ ដោយផ្អែកលើកៅស៊ូ ប្រេងដូង ប្រេងកាត ឧស្ម័នធម្មជាតិ ឱសថគ្រឿងបរិក្ខាពេទ្យជាដើម។ រីឯ ផលិតផលកសិកម្មវិញ ម៉ាឡេស៊ីមានប្រេងដូង កៅស៊ូ កាកាវ ស្រូវ និងម្រេច។ប្រទេសនេះ មានធនធានធម្មជាតិជាច្រើន ដូចជា៖ ប្រេងកាត ព្រៃឈើ ឧស្ម័ធម្មជាតិ និងបុកស៊ីកជាដើម។

រូបិយប័ណ្ណផ្លូវការណ៍ នៃប្រទេសនេះ គឺរីងហ្គិត(MYR) ដែលមានតម្លៃ៤,១៤វិងហ្គិត ស្មើរនឹង១ដុល្លារអាមេរិក។ ប្រទេសនេះ មានផលិតផលសង្គមសរុប ក្នុងមួយឆ្នាំ៩៣០,៨ពាន់លានដុល្លារ។ រីឯប្រាក់ចំណូល ប្រជាពលរដ្ឋប្រចាំជាមធ្យម ក្នុងម្នាក់ៗចំនួន២៩០០០ដុល្លារ ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ច ក្នុងមួយឆ្នាំៗមាន៥,៩%។ ទំនិញនាំចូល ក្នុងមួយឆ្នាំៗ គិតជាបរិមាណទឹកប្រាក់សរុប១៦៣,៤ពាន់លានដុល្លារ។ ក្នុងនោះនាំចូលពីប្រទេស ចិន១៩,៩% សិង្ហបូរី១០,៨%។ អាមេរិក៨,៤% ជប៉ុន ៧,៦% ថៃ៥,៨%។ រីឯការនាំចេញវិញ គឺសរុប១៨៨,២ពាន់លានដុល្លារ។ ក្នុងនោះ សិង្ហបូរីចំនួន១៥,១% ចិន១២,៦% អាមេរិកកាំង៩,៤% ជប៉ុន៨,២% និងថៃ៥,៧%។ ចំពោះវិស័យទេសចរណ៍ ប្រទេសនេះ ទទួលចំណូលក្នុងមួយឆ្នាំ ១ពាន់ ៨៣០លានដុល្លារ។ 

ប្រទេសម៉ាឡេស៊ី មានផ្លូវដែកជាង១ពាន់គីឡូម៉ែត្រ មានព្រមានយន្តហោះ៣៩កន្លែង ព្រមទំាងមានការរីកចម្រើនលូតលាស់ ខាងបច្ចេកវិទ្យាដ៏ខ្លាំងសម្បើម នៅអាស៊ីអាគ្នេយ៍យើងនេះ។ ចំពោះការថែទាំសុខភាពវិញ ប្រទេសនេះចំណាយ៤% នៃថវិការជាតិ សម្រាប់ការថែទាំសុខភាព។ ពលរដ្ឋម៉ាឡេស៊ី បុរសភេទមានអាយុជាមធ្យម៧៦,៦ឆ្នាំ ចំនែកស្រ្តីភេទវិញខ្ពអាយុជាមធ្យមខ្ពស់ជាងបុរស ពោលគឺ៧៨,៤ឆ្នាំ អត្រាកំណើត១៨,៨នាក់ ក្នុងចំណោមបណ្តាជន១ពាន់នាក់។ រីឯ អត្រាស្លាប់វិញ៥,២នាក់ ក្នុងចំណោមបណ្តាលជន១ពាន់នាក់។ 

សូមបញ្ជាក់ថា ម៉ាឡេស៊ីជាប្រទេសមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលជនជាតិខ្មែរយើងពីដើម ហៅថា "ម៉ាឡាយូ "។ប្រទេសនេះ មានប្រវត្ថិ និងចំណងទាក់ទងដ៏ល្អប្រសើរ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា តាំងពីជំនាន់សង្គមរាស្រ្តនិយមមកម្លេះ៕អត្ថបទ៖ ខៀវ កូឡា 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation