ចូលឆ្នាំចិន៤ថ្ងៃ ខេត្តបាត់ដំបង ថមថយភ្ញៀវទេសចរណ៍ប្រមាណ១៧ភាគរយ
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ យោងតាមរបាយការណ៍ស្តីពីសកម្មភាពស្ថានភាពទូទៅនិងស្ថិតិភ្ញៀវដែលបានមកកម្សាន្តសប្បាយ តាម រមណីយដ្ឋាន ទេសចរណ៍នានា ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន រយៈពេល៤ថ្ងៃ គឺថ្ងៃទី០៤, ០៥, ០៦ និង០៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងខេត្តបាត់ដំបង បង្ហាញថា ទាំងភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិមានការធ្លាក់ចុះព្រមគ្នា ប៉ុន្តែធ្លាក់ក្នុងចំនួនមួយតិចតួច ប៉ុណ្ណោះ។ ហើយការថមថយចុះ ជាងឆ្នាំមុននេះ ប្រធានមន្ទីរទេសចរណ៏ខេត្តបាត់ដំបងអះអាងថា ដោយសារពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ប្រព្រឹត្តទៅចំថ្ងៃធ្វើការ ដែលសិស្សដែលរៀននៅសាលារដ្ឋមិនត្រូវបានអនុញ្ញាត ឱ្យឈប់សម្រាកឡើយ ហើយស្របពេល ដែលធាតុអាកាសមានសីតុណ្ហភាពក្តៅខុសពីធម្មតាផងនោះ។

ប្រធានមន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានរាយការណ៏ថា ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន រយៈពេល០៤ថ្ងៃ គឺថ្ងៃទី០៤, ០៥, ០៦ និង០៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ភ្ញៀវទេសចរដែលបានមកកម្សាន្តសប្បាយតាមរមណីយដ្ឋាន ទេសចរណ៍នានា ក្នុងខេត្តបាត់ ដំបង មានចំនួនសរុប ៦៥,៦៤៨ នាក់ មានការថយចុះ ១៦.៦៩ % ប្រៀបធៀប ឆ្នាំ២០១៨ ដែលមានចំនួន ៧៨,៨០៩ នាក់។ ក្នុងនោះ៖

-ភ្ញៀវទេសចរជាតិ មានចំនួន ៦៥,០៨៥នាក់ មានការថយចុះ ១៧.០០ % ប្រៀបធៀប ឆ្នាំ២០១៨ មានចំនួន ៧៨,៤២០ នាក់
-ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៥៦៣ នាក់ មានការថយចុះ១៦.៨៧% ប្រៀបធៀប ឆ្នាំ២០១៨ មានចំនួន ៦៥៨ នាក់ ។

សូមជម្រាបថា រមណីយដ្ឋានដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេនៅខេត្តបាត់ដំបងនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានដូចជា៖-រមណីយដ្ឋានប្រាសាទបាណន់-រមណីយដ្ឋានភ្នំសំពៅ-រមណីយដ្ឋាន ប្រាសាទឯកភ្នំ- រមណីយដ្ឋានកំពីងពួយ- រមណីយដ្ឋានចំការស្វាយ- ឡូរីជើងភ្នំបាណន់- សួនទឹក សុភមង្គល និង សួនទឹក ហ្គោលឌិនហៀល។

ជុំវិញបញ្ហាបរិស្ថាន អនាម័យ ប្រធានមន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានបញ្ជាក់ថា នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួន មន្ទីរទេសចរណ៍និងអ្នកគ្រប់គ្រងបានរៀបចំដាក់ធុងសម្រាមតាមតំបន់សំខាន់ៗ និងតម្រូវឱ្យតាមតូបលក់អាហារមានដាក់កន្ត្រក សម្រាប់ភ្ញៀវទេសចរចោលកាកសំណល់ផ្សេងៗ ដើម្បីឱ្យអនាម័យមានភាពល្អប្រសើរ ។ហើយដោយឡែបញ្ហាសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់វិញគឺនៅតាមរមណីយដ្ឋានបានល្អប្រសើរដោយមានភ្នាក់ងារ សមត្ថកិច្ច អាជ្ញាធរ ឃុំ-ស្រុកនគរបាលទេសចរណ៍ រៀបចំរក្សាអនាម័យ និងរៀបចំយានយន្តបានល្អ ដើម្បីជៀសវាងការ ស្ទះចរាចរក្នុងរមណីយដ្ឋាន ឯការរៀបចំតូបលក់អាហារ និងចំណីផ្សេងៗក៏បានរៀបចំប្រកបដោយសណ្ដាប់ធ្នាប់ល្អ ។ខណៈដែលសេវាម្ហូបអាហារ គឺមន្ទីរបានសំណូមពរ និងអំពាវនាវ ដល់អ្នកលក់ម្ហូបអាហារ ក្នុងរមណីយដ្ឋាន ទាំងអស់ នៅក្នុងខេត្តបាត់ដំបង មិនអោយមានការតម្លើងថ្លៃ នៅពេលបុណ្យ ចូលឆ្នាំប្រពៃណីចិន វៀតណាម រយៈពេល០៤ថ្ងៃ នេះ ។

ជារួមមន្ទីរទេសចរណ៍ពិនិត្យឃើញថា ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន រយៈពេល០៤ថ្ងៃនេះ ក្នុងខេត្តបាត់ដំបង មាន ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយតម្លៃម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ពុំមានការឡើងថ្លៃឡើយ៕អត្ថបទ ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation