អ្នក​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី​ និង​កុយរមាស​ ឬ​ធ្វើ​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ ព្រោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ​
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ​៖​ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ថា​ ​ក្រសួងបរិស្ថាន​បាន​ចេញ​លិខិត​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​សង្ស័យ​ថា​អាច​មានការ​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី​ និង​កុយរមាស​ ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ ព្រោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ​ត្រង់​មាត្រា​៩៧​ (​ចំណុច​ទី​១០)​ និង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ ត្រង់​មាត្រា​៥៩​ (​ចំណុច​ទី​៥)​។​

មន្មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបន្តថា ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ មាន​លាក់​ទុក​ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី​ និង​កុយរមាស​នេះ​សូម​ប្រគល់​ជូន​ដល់​សមត្ថកិច្ច​ ហើយ​បើប្រសិន​បើ​សមត្ថកិច្ច​រក​ឃើញ​និង​ចាប់​បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាម​ច្បាប់​ជា​ចាំបាច់​។​

ចំពោះវិធានការអនុវត្តច្បាប់ប្រឆាំងនឹំង​នឹង​ការ​ជួញដូរ​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី​ និង​កុយរមាស​ ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ដែល​កំពុង​កើត​មាននៅ​លើ​ទឹកដី​កម្ពុជា​។​ វិធានកវិធានការណែនាំនេះត្រូវបានអ្នកនាំពាក្យក្រសួងបរិស្ថាន អោយ​ដឹង​ថា​ ជា​ជំហាន​ដំបូង​ ក្រសួងបរិស្ថាន​បាន​ជូន
ដំណឹង​រួច​ហើយ​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៣២​ កន្លែង​នៅ​ក្នុង​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​លើ​ភ្លុក​ដំរី​ និង​កុយរមាស​គឺជា​អំពើ​ខុសច្បាប់​។​

ជំហាន​បន្ទាប់​ ក្រសួងបរិស្ថាន​នឹង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី​ និង​កុយរមាស​ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​សត្វព្រៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​។​

​ការ​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ទាំង​អស់នេះ​ត្រូវ​បាន​រដ្ឋលេខាធិការ​ឯកឧត្តម នេត្រ​ ភក្ត្រា​បានអោយដឹង​ថា​ធ្វើ​ឡើង​បន្ទាប់​ពី​តាម​របាយការណ៍​អង្កេត​ស្រាវជ្រាវ​យ៉ាង​ដិត​សល់​របស់​កម្លាំង​មាន​សមត្ថកិច្ច​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី​ និង​កុយរមាស​ដែល​ច្បាប់​ហាមឃាត់​។​

ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ជា​ការ​លក់​ នាំ​ចូល​និង​នាំ​ចេញ​នូវ​ទំនិញ​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នក​ប្រព្រឹត្ត​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ និង​ត្រូវ​បាន​ ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មាន​ចែង​នៅ​ក្នុង​ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​ ជាង​នេះ​ទៀត​ ការ​កើត​មាននូវ​សកម្មភាព​ទាំង​ នេះ​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​ ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ លើ​ប្រភេទ​សត្វព្រៃ​ និង​រុក្ខជាតិ​កំពុង​រងគ្រោះថ្នាក់​
ក៏​ដូច​ជា​ធ្វើ​ឱ្យ​ខូច​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

ពីព្រោះសកម្មភាព​ទាំងនេះ​ត្រូវ​ប្រឈម​នឹង​ការ​អនុវត្ត​ច្បាប់​ដ៏​តឹង​រឹង​បំផុត​។​ហើយ​ ការ​ចេញ​លិខិត​ជូនដំណឹង​នេះ​ដើម្បី​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជួញដូរ​សត្វព្រៃ ​ខុសច្បាប់​នេះ​ និង​ការ​ពង្រឹង​បន្ថែម​នូវ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​សត្វព្រៃ​គ្រប់​រូបភាព​ទាំង​អស់ទាំង​កន្លែង​កែ​ច្នៃ​ និង​កន្លែង​លក់​។​

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ​ គឺត្រៀមខ្លួនរួចជាស្រេច ក្នុង​ការ​សហការ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ប្រទេស​ទាំងអស់​ ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ​ និង​ទប់ស្កាត់​ ក៏​ដូច​ជា​ប្រឆាំង​នឹង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​ កម្ពុជា​បាន​ និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ហើយ​កម្ពុជា​ក៏​បាន​សហការ​ក្នុង​នាម​ ជា​ដៃគូ​អន្តរជាតិ​នានា​ក្នុង​ការ​ទប់ស្កាត់​ បង្ការ​ និង​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ដែរ​នៅ​លើ​ពិភពលោក​។​

​សូមជម្រាបថា​ កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ភ្លុក​ដំរី​ កុយរមាស​ និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី​ កុយរមាស​ដែល​លួច​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ និង​លួច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​
ជា​ច្រើន​ករណី​។​ យោង​តាម​តួលេខ​ដែល​ទទួល​បាន​ ចាប់ពី​ឆ្នាំ​២០១៦​ រហូត​មក​ទល់​នឹង​ចុងឆ្នាំ​ ២០១៨​ ភ្ លុក​ដំរី​ និង​កុយរមាស​ជា​ច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​ ៥​ តោន​ ត្រូវ​បាន​អាជ្ញាធរ​ កម្ពុជា​បង្ក្រាប​។​ ក្រៅពី​នោះ​ក៏​មាន​ស្រកាពង្រូល​ និង​ឆ្អឹង​សត្វព្រៃ​ផ្សេង​ទៀតជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ផង​ដែរ​នាពេលកន្លងមកនេះ៕ដោយ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation