កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ បានសម្រេចអនុម័ត និងមានការកែសម្រួល ពាក្យពេចន៍មួយចំនួន នៅក្នុងមាត្រា៣ លើសេចក្តីព្រាងច្បាប់ ស្តីពីសំណង់
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្ដេច​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព​។

  របៀបវារៈនៃកិច្ចប្រជុំ​នេះ មាន​ ៖ ទី១)សេចក្តីព្រាងច្បាប់ស្តីពីសំណង់, ទី២)សេចក្តីព្រាងឯកសារ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល (២០២០-២០២២), ទី៣)សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃ ស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ(អ៊ុនកាក់, UNCAC) ជុំទី២នៅកម្ពុជា និងរបៀបវារៈ ទី៤)គឺបញ្ហាផ្សេងៗ ដូចជា សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រម ពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនឆ្លងកាត់ទំនិញ។

  បើតាមឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈហ្វេសប៊ុកផេករបស់ឯកឧត្តម បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ត្រូវបាន​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ​សម្រេចអនុម័ត និងមានការកែសម្រួល ពាក្យពេចន៍មួយចំនួន នៅក្នុងមាត្រា៣ លើសេចក្តីព្រាងច្បាប់នេះ។

  សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ ត្រូវបានតាក់តែងឡើងជាលើកដំបូង នៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញ នៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។ ​ ក្រសួងយុត្តិធម៌ បានជួយពិនិត្យកែសម្រួល លើបណ្ដាមាត្រាមួយចំនួន ក្នុងជំពូកពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាព ជាមួយច្បាប់ជាធរមានដទៃទៀត នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ឆ្លងការពិភាក្សា ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ផងដែរ។

  សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ ដូចជា ៖ ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់​, ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុង ឱ្យមានសោភណភាព និងបរិស្ថានល្អ​, បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ និង​បង្កើនការជឿទុកចិត្ត របស់វិនិយោគិន នៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចសង្គម។

​  សេចក្តីព្រាងច្បាប់នេះ មានគោលដៅកំណត់គោលការណ៍ បទប្បញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធី ក្នុងការគ្រប់គ្រងវិស័យសំណង់ ក្នុងព្រះរាជាណាចក្រកម្ពុជា ​ដែលមានវិសាលភាពអនុវត្ត ចំពោះវិស័យសំណង់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ​លើកលែងតែប្រភេទសំណង់ ដែលកំណត់ក្នុងច្បាប់ដោយឡែក៕អត្ថបទ ៖ សន​ ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation