អង្គការ USAID ផ្តល់ថវិកាជាង ២១លានដុល្លារ សម្រាប់អនុវត្តគម្រោងព្រៃឡង់បៃតង
| ព័ត៌មានជាតិ
SHARE

អង្គការ USAID របស់សហរដ្ឋអាមេរិកផ្តល់ថវិកាសម្រាប់មូលនិធិគាំទ្រការអនុវត្តគម្រោងព្រៃឡង់បៃតង និងសកម្មភាពរបស់ក្រសួងបរិស្ថានសម្រាប់រយៈពេល ៥ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ២០១៨-ខែសីហា ឆ្នាំ២០២៣) ដែលមានថវិកាសរុបចំនួន ២១,១២លានដុល្លាអាមេរិក។

កាលពីម្សិលមិញនេះ ក្រសួងបរិស្ថាន និងអង្គការ USAID បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំទី២ របស់គម្រោង USAID ព្រៃឡង់បៃតង ដែលបានព្រមព្រៀងអនុវត្តគម្រោងរវាងក្រសួងបរិស្ថាន និងTetra Tech ARD សំដៅធានាបាននូវការសម្របសម្រួល និងការបន្ស៊ីគ្នានៃសកម្មភាពរបស់គម្រោង USAID ព្រៃឡង់បៃតង និង សកម្មភាពរបស់ក្រសួងបរិស្ថាន។

នៅក្នុងសិក្ខាសាលានេះ អង្គការ USAID ក៏បានបង្ហាញពីផែនការសកម្មភាពប្រចាំឆ្នាំទី២ ដែលនឹងត្រូវចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៩ នេះមានគោលបំណង៣ សំខាន់គឺ៖

១-នឹងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅតំបន់ព្រៃឡង់
២-បង្កើនឱកាសផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមភាព ជីវភាពសហគមន៍ និងការវិនិយោគទុនឡើងវិញលើធនធានធម្មជាតិ។
៣-ពង្រឹងប្រសិទ្ធភាពលើការងារអភិបាលកិច្ចតំបន់ព្រៃឡង់ និងតំបន់ជុំវិញ។

សូមជម្រាបថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា ស្ថិតនៅជាប់ភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះ សម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បម្រើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌យ៉ាងសំខាន់៕អត្ថបទ ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation