អភិបាលខេត្តមណ្ឌលគិរីអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរខេត្តមណ្ឌលគិរី អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលរដ្ឋាបាលខេត្តកំពុងដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ថែមទៀត ដោយពិនិត្យមើលដីទាំងឡាយណាដែលសង្ស័យថាខុសច្បាប់ ហើយអាជ្ញាធរនឹងចាត់វិ ធានការទៅតាមផ្លូវច្បាប់។

សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់នៅខេត្តមណ្ឌលគិរី ចាប់ផ្តើមឡើងខ្លាំងពីពេលលេច ធ្លាយពាក្យចរចាមអារ៉ាមថា មានការបំបែកខេត្តជាពីរ ដែលអាចនៅទីតាំងស្រុកកោះញែក និងថ្មីៗនេះ គឺគម្រោងសាងសង់ព្រលានយន្តហោះ ដែលធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់កប់ពពក។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីប្រកាសព័ត៌មា ន មួយពន្យល់ទៅកាន់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបកស្រាយជុំវិញករណីការកាន់កាប់ដីរដ្ឋខុសច្បាប់ជិត ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយអំពីព័ត៌មាននេះតាមបណ្តាញសង្គមហ្វេសប៊ុក ហើយករណីនេះ មានការអនុញ្ញាតចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ពាក់ព័ន្ធនឹងដីទំហំជិត ១ពាន់ហិកតា របស់លោក សេង សុវណ្ណរ៉ា ដែលមានទីតាំង ស្ថិតនៅក្នុងភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះ កន្លងមក អាជ្ញាធរខេត្ត មានការសង្ស័យថា ការគ្រប់គ្រងដីនេះអាចនឹងមានភាពមិនសមស្រប អាជ្ញាធរខេត្ត បានចាត់តាំងមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ចុះពិនិត្យ សិក្សា ស្រាវជ្រាវ និងបានពិនិត្យឃើញថា ការគ្រប់គ្រងដីនេះ ពិតជាមិនមានភាពត្រឹមត្រូវ និងសមស្របតាមច្បាប់ប្រាកដមែន ទើបអាជ្ញាធរខេត្ត បានចេញដីកាលេខ ០០៦ ដក.បក.ចុះថ្ងៃទី ២៣ខែសីហា ឆ្នាំ ២០១៩ ដើម្បីដកហូតទុកជាដីព្រៃរបស់រដ្ឋវិញ ហើយ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងកាលពីម្សិលមិញនេះថា ដំបូងឡើយដីជិត ១ពាន់ហិកតានេះ ពិតជាមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន និងខេត្តមែន ប៉ុន្តែ ក្រោយពីការពិត្យ សិក្សាស្រាវជ្រាវ ក៏ឃើញថា ដីនេះមិនមានភាពត្រឹមត្រូវ ដូច្នេះអាជ្ញាធរខេត្ត ក៏សម្រេចដកហូតដីជិត ១ពាន់ហិកតានេះទុកជាសម្បត្តិរដ្ឋវិញ ហើយឥឡូវដីនេះ ស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន។

ឯកឧត្តមបញ្ជាក់ថា ចំពោះលោក សេង សុវណ្ណរ៉ា ដែលកាន់កាប់ដីនេះ អាជ្ញាធរពុំមានចំណាត់ ការដាក់ទោសទណ្ឌចំពោះគាត់ទេ ដោយសារតែដីនេះដំបូងឡើយមានការឯកភាពពីអាជ្ញាធរ ដែរ ប៉ុន្តែយ៉ាងណាក៏ដោយ គាត់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដកហូតតួនាទីហើយដែរ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកលោក សេង សុវណ្ណរ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដាក់ជំនួសដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ១៣ខែសីហា ឆ្នាំ ២០១៩កន្លងទៅ។

ជាមួយគ្នានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យមួយបញ្ចប់មុខតំណែងលោក សេង សុវណ្ណរ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៤ខែសីហា ឆ្នាំ ២០១៩ ដោយយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះ អភិបាលខេត្តមណ្ឌលគិរី តាមរយៈទូរទស្សន៍ស៊ីអិនស៊ី ក៏បានក្រើនរំឭកដល់ឈ្មួញទិញដីទាំងឡាយ ត្រូវពិនិត្យមើលដីកម្មសិទ្ធិឲ្យបានច្បាស់មិននឹងទិញលក់ ដើម្បីចៀសវាងទិញលក់ដីរបស់រដ្ឋ ដែលនាំឲ្យខាតបង់លុយកាក់ និងប្រឈមបញ្ហាផ្លូវច្បាប់។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ហើយមានបំណងចង់បានដីសម្រាប់អាស្រ័យផល រដ្ឋបាលខេត្តមណ្ឌលគិរីមានដីសង្គមកិច្ចចំនួន ៣ទីតាំងសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែក៏ទាមទារឲ្យពួកគាត់ធ្វើលិខិតស្នើសុំតាមរយៈ អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ហើយបញ្ជូនមកខេត្ត ដើម្បីអាជ្ញាធរខេត្តស្នើសុំគោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុវត្តចែកដីសង្គមកិច្ចជូនពួកគាត់៕អត្ថបទ៖ សៀម ប៊ុនធី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation