ស្រូវវស្សាជាង ៣០ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីការព្រួយបារម្ភចំពោះការបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ ដែលកំពុងជួបគ្រោះរាំងស្ងួត គិតមកទល់នឹងពេលនេះទំហំផ្ទៃដីប៉ះពាល់កើនដល់ជាង ៣០ម៉ឺនហិកតា ហើយភាគច្រើននៅបណ្តាខេត្តភាគពាយ័ព្យប្រទេស។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ស៊ីអិនស៊ីតាមទូរស័ព្ទកាលពីម្សិលមិញថា គិតមកទល់នឹងពេលនេះផ្ទៃដីដាំដុះស្រូវវស្សាប្រមាណ ១៤ ភាគរយនៃផ្ទៃដីដាំដុះបាន កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួត។

ឯកឧត្តម បានបង្ហាញការបារម្ភថា ប្រសិនបើពុំមានភ្លៀងធ្លាក់ទេ ទំហំប៉ះពាល់ និងខូចខាតនៃដំណាំស្រូវនឹងកើនឡើង ហើយក្រសួងក៏គ្មានវិធីអ្វីដែលអាចជួយសង្គ្រោះស្រូវទាំងនោះបានដែរ ក្រៅតែពីការផ្តល់ពូជស្រូវជូនកសិករសម្រាប់ដាំដុះជាថ្មី ព្រោះថាប្រព័ន្ធធារាសាស្ត្រក៏គ្មាន ទឹកសម្រាប់ស្រោចស្រពដែរ។

ឯកឧត្តមបានលើកឡើងថា ការធ្វើកសិកម្ម សំខាន់បំផុតគឺអាស្រ័យទៅលើទឹក តែសព្វថ្ងៃការធ្វើកសិកម្មរបស់យើង គឺពឹងផ្អែកលើទឹកភ្លៀងស្ទើរតែទាំងស្រុង ដូច្នេះវាជាការលំបាក ក្នុងការធ្វើទំនើបកម្មវិស័យនេះ និងប្រជែងជាមួយប្រទេសក្បែរខាង។ ចំណែកការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ នៅក្នុងប្រទេស នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់ឆ្លើយតបទៅនឹងតម្រូវការបាននៅឡើយ។

ឯកឧត្តម វេង សាខុន បានថ្លែងថា ដើម្បីធ្វើឲ្យការផ្គត់ផ្គង់ទឹកបម្រើក្នុងវិស័យកសិកម្មមានស្ថិរភាព មិនខ្វះខាតតទៅទៀត គួរតែមានការធ្វើប្រព័ន្ធធារាសាស្ត្រភ្ជាប់ទៅកាន់ស្ថានីយធំៗពីរ គឺទន្លេសាប និងទន្លេមេគង្គ។ ហើយថា ប្រព័ន្ធធារាសាស្ត្រសព្វថ្ងៃនេះ មានលក្ខណៈខ្នាតតូចៗ នៅឡើយ ដែលមិនអាចផ្គត់ផ្គង់ទឹកបានច្រើន និងខ្វះខាតនៅពេលជួបគ្រោះរាំងស្ងួតក្នុងរយៈ ពេលយូរ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកជាឧហរណ៍ ដែលកន្លងមកឯកឧត្តមធ្លាប់ទៅបំពេញ ទស្សនកិច្ចប្រព័ន្ធធារាសាស្ត្រនៅប្រទេសចិន ដែលសាងសង់ភ្ជាប់ពីទន្លេយ៉ង់សេ រហូតដល់ទី ក្រុងប៉េកាំង ដែលមានប្រវែងដល់ទៅ ១០០០គីឡូម៉ែត្រ សម្រាប់ស្រោចស្រពដំណាំកសិកម្ម។

ជុំវិញបញ្ហាគ្រោះរាំងស្ងួតនេះ រដ្ឋមន្ត្រីកសិកម្ម បានលើកឡើងទៀតថា រហូតមកទល់នឹងពេលនេះក្រសួងបានផ្តល់ពូជស្រូវជាង ២០០តោន ដល់កសិករ សម្រាប់ដាំដុះឡើងវិញ និងនៅសល់ស្រូវពូជជិត ២ពាន់តោនទៀត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាកសិករ ដែលត្រូវការពូជស្រូវសូមទំនាក់ទំនងមកកាន់ក្រសួង ឬតាមរយៈហ្វេសប៊ុកក្រសួង នោះក្រុមការងារមន្ត្រីក្រសួងនឹងផ្តល់ពូជជូន ដើម្បីធ្វើការដាំដុះឡើងវិញ ប៉ុន្តែក្នុងករណីដំណាំស្រូវរបស់ពួកគាត់ត្រូវរងខូចខាតដោយគ្រោះ ធម្មជាតិ។

យ៉ាងណាក៏ដោយ ប្រជាកសិករហាក់បាក់ទឹកចិត្ត ក្នុងការដាំដុះស្រូវឡើងវិញ ដោយសារតែ ការចំណាយទៅលើថ្លៃភ្ជួររាស់ ថ្លៃពូជ និងថ្លៃជី។ ម៉្យាងទៀតពេលនេះការបង្កបង្កើនស្រូវវស្សាបានមកដល់ពាក់កណ្តាលរដូវទៅហើយផង។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បារម្ភថា ការហក់ឡើងនៃទឹកទន្លេមេគង្គឆ្នាំនេះ ក៏មានកម្រិតទាប ដែលអាចនឹងបង្កផលប៉ះពាល់ដល់ការដាំដុះដំណាំកសិកម្មផ្សេង២ និងការធ្វើស្រូវប្រាំងនាពេលខាងមុខផងដែរ។ តាមការប៉ាន់ប្រមាណរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ទិន្នផលស្រូវឆ្នាំនេះ នឹងមានការថមថយ ទាបជាងឆ្នាំមុន ប៉ុន្តែវាមិនបង្កការខ្វះស្បៀង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនោះទេ។

សូមជម្រាបថា គិតត្រឹមខែកក្កដា ឆ្នាំ ២០១៩នេះ ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានប្រមាណ ២,១១លានហិកតា ស្មើនឹង ៨១,៨៨ភាគរយ នៃផែនការប្រចាំឆ្នាំ៕
អត្ថបទ៖ សៀម ប៊ុននធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation