ក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងកម្មវិធី" ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា"នៅស្វីស
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា»។

ពិធីនេះធ្វើឡើង នៅទីក្រុងអ៊ូស្វីល ប្រទេសស្វីស។ កម្មវិធីនេះ ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត។ ចំពោះកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) មានការចូលរួមពីភ្ញៀវចំនួន ៨០០នាក់ មកពីក្រុមហ៊ុនចំនួន២០០ និងប្រទេសចំនួន៨០ ប្រទេស។

នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ លោក ខាលវីន ហ្គ្រីដ័រ (Calvin Grieder) និងនាយកប្រតិបត្តិ លោក ស្តេវហ្វាន ច្រាយប័រ (Stefan Scheiber) ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ចំពោះវិស័យនាំចេញស្រូវអង្ករ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាងក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។

ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិនជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិតនៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បញ្ជាក់ថា ក្រុមហ៊ុនប៊ូល័រ មិនត្រឹមតែមានឧបករណ៍សម្រាប់សម្ងួតស្រូវ ឬកសិផលដទៃទៀតនោះទេ ក្រុមហ៊ុនក៏មានឧបករណ៍ច្រើនប្រភេទសម្រាប់កិន និងកែច្នៃកសិផល ទៅជាផលិតផលសម្រេច ដូចជា ម្ហូបអាហារ និងចំណីសត្វ និងឧបករណ៍វិភាគសុវត្ថិភាពចំណីអាហារ ជាដើម។ 

សូមជម្រាបថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងសង់ ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation