គណៈកម្មការអន្តរក្រសួងពិភាក្សាគ្នាត្រៀមរៀបចំចំបុណ្យសមុទ្រលើកទី៨ជុំទី២នៅខេត្តកំពត
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងឈានចូលមកដល់នៅពេលខាងមុខនេះក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ព្រមទាំង​តំណាងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក​រួមជាមួយវិស័យឯកជនពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម​ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត​កំពតនាថ្ងៃទី២៦សីហាឆ្នាំ២០១៩។

កិច្ចប្រជុំ​នេះផ្ដោតសំខាន់លើផែនការរួមដើម្បី​ត្រៀមឆ្ពោះទៅកាន់នូវព្រឹត្តិការណ៍​ទេសចរណ៍​ពិធី​បុណ្យសមុទ្រលើកទី៨ជុំទី២ប្រចាំឆ្នាំ២០១៩នៅខេត្តកំពតប្រកបដោយ​ភាព​រលូននិងទទួលបានលទ្ធផលជោគជ័យ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រ ក្នុងនោះមានរដ្ឋមន្ត្រី ថោង ខុន ជាប្រធានឯកឧត្តមជាវ តាយ អភិបាល​ខេត្ត​ជាអនុប្រធានអចិន្ត្រៃយ៍ និងស្ថាប័នពាក់ព័ន្ធជាសមាជិក។

ជាមួយនឹងគោលបំណងដើម្បីធ្វើឱ្យខេត្តកំពតមានសក្ដានុពលកាន់តែមានភាពទាក់ទាញផងនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានណែនាំនូវអនុសាសន៍មួយចំនួន ដល់ក្រុមការងារតាមអនុគណៈកម្មការអនុវត្តបន្ត ក្នុងនោះរួមមាន៖

កំណត់យកខេត្តកំពតជាខេត្តគំរូក្នុងការរៀបចំវិថីម្ហូបអាហារ (Food Sreet) ឯកឧត្ដម​ ថោង ខុន បានណែនាំទៅក្រុមការងារត្រូវពន្លឿនការរៀបចំនេះឱ្យបានទាន់ពិធីបុណ្យសមុទ្រខាងមុខ ដោយត្រូវរៀបចំហេដ្ឋារចនាសម្ពន្ធក្នុងតំបន់វិថីម្ហូបអាហារ។ ត្រូវរៀបចំសណ្តាប់ធ្នាប់ សោភណភាពទីក្រុង រៀបចំតំបន់ឲ្យមានផ្លូវថ្មើរជើង សោភណភាពសំយាបផ្ទះ ពិសេសតំបន់ដែលមានលំនៅស្ថានពីជំនាន់បារាំង ដែលនៅក្បែរវិថីម្ហូបអាហារ។

ពាក់ព័ន្ធ​ការងារកសាងកំពង់ផែទេសចរណ៍ខេត្តកំពត ដែលកំពុងដំណើរការទៅតាមផែនការនោះ ឯក​ឧត្ដម​រដ្ឋមន្ត្រីក៏បានជំរុញឱ្យកសាងផ្លូវ ដាក់ភ្លើងបំភ្លឺទៅកាន់កំពង់ផែទេសចរណ៍ថ្មីនេះ ដើម្បីត្រៀមបម្រើដល់ការដឹកជញ្ជូនភ្ញៀវទេសចរ។ ចំពោះផែនការបង្កើតឆ្នេរកំពតថ្មីឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យគិតគូរលើការរៀបចំចាក់ខ្សាច់ឱ្យបានច្រើន ត្រូវរៀបចំឱ្យមានសេវាកម្មមួយចំនួន មានស្តង់ បង្គន់អនាម័យ ការពង្រឹងសុវត្ថិភាព ពិសេសត្រូវធានាបាននិរន្តរភាព។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បានដាក់អនុសាសន៍ដល់អាជ្ញាធរ ត្រូវចុះពន្យល់ប្រាប់ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ឱ្យត្រូវដាក់បញ្ជីរាយនាមមុខម្ហូបអាហារ និងតារាងតម្លៃសេវារបស់ខ្លួន ត្រូវបន្តពង្រឹងអនាម័យ សេវាម្ហូបអាហារ ត្រូវគិតគូរដល់ការរៀបចំឱ្យមានបង្គន់អនាម័យស្អាត។

ជាមួយគ្នានោះក៏ត្រូវបង្កើនការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលកំពុងងាកមកទស្សនាខេត្តកំពតកាន់តែច្រើន។


ចំពោះរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពត ក៏ត្រូវពង្រឹងសេវាកម្មឱ្យបានល្អប្រសើរឡើងវិញ ត្រូវមានការគ្រប់គ្រងសំរាម សេវាលក់ដូរ ចំណតយានយន្តឱ្យបានត្រឹមត្រូវ។ ឯកឧត្ដម​ក៏បានលើកឡើងថា ទីតាំងណាដែលពាក់ព័ន្ធប្រវត្តិសាស្ត្រ ឬរមណីយដ្ឋានប្រវត្តិសាស្ត្រ ស្នើខេត្តរៀបចំកំណត់ទីតាំងភូមិសាស្ត្រឡើងវិញ ដើម្បីការពារអភិរក្ស និងអភិវឌ្ឍន៍ឲ្យបានល្អ ដើម្បីស្នើសុំរាជរដ្ឋាភិបាលជាថ្មី តាមរយៈក្រសួងមានសមត្ថកិច្ច។

ហើយក៏ត្រូវរៀបចំឱ្យមានសេវាកម្សាន្តឱ្យបានច្រើននៅលើភ្នំបូកគោ ពិសេសគឺការបោះតង់ទស្សនាកាឡាក់ស៊ីមីលគីវ៉េ (Galaxy Milki way) ពីព្រោះបូកគោជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាផងដែរ។


ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បានដាក់ឱ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ការបញ្ចៀសចរាចរណ៍នៅពេលបុណ្យសមុទ្រមកដល់ ទីតាំងចំណតរបស់ភ្ញៀវ ហើយត្រូវត្រៀមកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសត្រូវគិតគូរពីការធ្វើដំណើររបស់ភ្ញៀវទេសចរឡើងទៅភ្នំបូកគោ៕ ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation