ជំនឿអ្វី? ទើបពលរដ្ឋខ្មែកាត់ចិនសម្រុកទៅជាវអំពៅខ្មៅនៅវិហារចិនក្រុងតាខ្មៅយ៉ាងកកកុញបែបនេះ?
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន នៅថ្ងៃទី ១ នៃឆ្នាំបុណ្យចូលឆ្នាំចិននេះ បាននាំគ្នាទៅជាវអំពៅនៅ វិហារអ្នកតា នៅក្រុងតាខ្មៅ ខេត្តកណ្តាលដើម្បីសុំក្តីសុខសប្បាយទៅតាមជំនឿរបស់ខ្លួន។

គេឃើញមានអំពៅខ្មៅ និងដើមកន្ទឹមរាប់ពាន់ដើម ព្រមទាំងផ្លែឈើសម្រាប់សែនជាច្រើន ត្រូវបានគេយកមកដាក់លក់ នៅលើដងផ្លូវខាងមុខរោងលោកតាចិន។ហើយបើទោះបីជាមានការដាក់លក់ច្រើនបែបនេះក្ដី ក៏តម្លៃនៅតែថ្លៃដដែល ព្រោះតែអ្នកទៅទិញច្រើនកុះករ។ ក្នុងនោះ អំពៅខ្មៅមួយដើម តម្លៃ៨ពាន់ទៅ១ម៉ឺនរៀល ចំណែកមែកកន្ទឹមមានផ្លែផ្កា មួយបាច់ ទំហំប៉ុនកដៃតម្លៃ៧ពាន់ ទៅ១ម៉ឺនរៀល។

ទាក់ទិនប្រវត្តិដើមអំពៅខ្មៅនេះ ត្រូវបានគេដំណាលតៗគ្នាថា៖ កាលពីព្រេងនាយ មានគ្រួសារមួយថ្ងៃចូលឆ្នាំចិន បានយកនំចំណីផ្លែឈើទៅសែន នៅរោងលោកតាចិននៅឆ្ងាយពីផ្ទះ ។ ពេលសែនរួចហើយ រៀបត្រឡប់មកផ្ទះវិញ បានទិញអំពៅខ្មៅនៅរោងលោកតាយកមកផ្ញើកូនដែលនៅផ្ទះ ។ ពេលត្រឡប់មកដល់ផ្ទះ ស្រាប់តែភ្លើងកំពុងឆេះ ផ្ទះគាត់យ៉ាងសន្ធោសន្ធៅ ។ ពីរនាក់ប្ដីប្រពន្ធភ័យស្លន់ស្លោកាច់មែកឈើវាយពន្លត់ភ្លើង ក៏មិនរលត់។ ពេលនោះបុរស ជាប្ដីបានយកដើមអំពៅខ្មៅដែលទិញពីរោងលោកតាមកវាយភ្លើង ដែលកំពុងឆេះខ្លាំងនោះរលត់យ៉ាងលឿនអស់ទៅ ។ចាប់ពីពេលនោះមក ជនជាតិចិនមានជំនឿតៗគ្នាមកថា ដើមអំពៅខ្មៅយកមកពីរោងលោកតាចិន ទៅសែននៅផ្ទះគឺ បានត្រជាក់ត្រជុំ បណ្ដេញគ្រោះអាក្រក់ចង្រៃ និងនាំសេចក្តីសុខសប្បាយមកក្នុងក្រុមគ្រួសាររកទទួលទានមានបាន ផង។

សូមជម្រាបថា អ្នកតាចិននៅក្រុងតាខ្មៅ ឈ្មោះប៉ោសែ ហៅលោកតាធំ ហើយជាលោកតាចិនដែលធំជាងគេក្នុង ស្រុកខ្មែរ ដែលរោងលោកតានេះ មានទីតាំងក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខាងលិចជាប់ផ្លូវជាតិលេខ២១អា ។ដោយសារលោតាធំជាងគេ ទើបមានអ្នកជាប់សែស្រឡាយចិនច្រើននាក់ មកពីគ្រប់ទិសទីមកអុជធូប បន់ស្រន់ សុំសេចក្ដីសុខ រកទទួលទៀនមានបាន៕អត្ថបទ៖ គន្ធ តារាវិឆ័យ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation