បារាំងសន្យាបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ និងលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ ភាគីទាំងពីរបានពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស រួមទាំងប្រធានបទផ្សេងៗទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម។ ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលបារាំងបានចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្មមានការរីកចម្រើន គួរឱ្យមោទនភាព ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថារដ្ឋាភិបាលបារាំងនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកៅស៊ូគ្រួសារឱ្យកាន់តែមានការរីកចម្រើនសមស្របតាមនិន្នាការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ។

ជាមួយគ្នានេះលោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណាប់អារម្មណ៍របស់លោកស្រី ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្ម ដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

លោកស្រីបានបន្តថា ជំនួបនាពេលនេះ គឺជាឱកាសនៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និងធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ទោះជាយ៉ាងណា លោកស្រីថា នឹងខិតខំផ្តល់កិច្ចសហការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើនសមស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបពិភាក្សានោះភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរជាអាទិ៍៖ ទី១. ការអភិវឌ្ឍវិស័យកៅស៊ូគ្រួសារ ទី២. ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវ អង្ករកម្ពុជា ទី៣.ការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាមក្នុងតំបន់ និងនៅលើពិភពលោក ទី៤.ការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីកសិកម្មឱ្យមាននិរន្តរភាព និងទី៥. វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វ្រិក (African Swine Fever)៕(
ដោយ៖ សៀម ប៊ុនធី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation