ប្រជាពលរដ្ឋក្រីក្រ ១.៥០២គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត្ត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនិង សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និង មានការចូលរួមពី ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជនជាច្រើន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម កម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួនពីស្រុក គឺស្រុកព្រៃនប់និងស្រុកកំពង់សីលា មាន ១.៥០២គ្រួសារ ក្នុងនោះស្រុកព្រៃនប់ មាន១.៣០២គ្រួសារ និងស្រុកកំពង់សីលា ២០០គ្រួសារ ។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្ត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។


ឯកឧត្តមបាននាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ទឹកជំនន់ ផ្គរ រន្ទះ និងគ្រោះថ្នាក់ផ្សេងៗទៀត ដូចនេះហើយត្រូវត្រៀមលក្ខណៈរកទីកន្លែងមានសុវត្ថិភាព គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិននិងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ បងប្អូនត្រូវប្រុងប្រយ័ត្នកូនចៅ " ហាមកុមារា តូចៗឲ្យលេងទឹក និងការពារពីចរន្តអគ្គិសនី និងសូមប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ បើសិនមាបបញ្ហា (ចឹក ឬខាំ) សូមយកទៅមន្ទីរពេទ្យជាបន្ទាន់ ត្រូវកំចាត់ ជម្រកមូសខ្លា តាមរយៈរៀបចំសម្ភារ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ ទឹកដក់នៅជុំវិញផ្ទះ និងទឹកដក់នៅក្នុងសំបកកំប៉ុងសំបកកង់ឡាន ក៏ដូចជាសម្ភារផ្សេងៗដែលដក់ទឹកបង្កទៅជា ជម្រក នៃប្រភពមេរោគចម្លងរបស់មុសខ្លា។


នៅក្នុងឱកាសនោះ ឯកឧត្តមបានសង្កាត់ធ្ងន់ពីការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះមួយរយៈពេលកន្លង មកនេះខេត្តព្រះសីហនុបានរងនូវសោកនាដកម្មពីបញ្ហា គ្រោះថ្នាក់ចរាចរណ៍នេះ មាន ជាច្រើនករណីមកហើយ គឺបង្កឡើង ដោយការមិនគោរពសិទ្ធិ ការមិនគោរពស្លាកសញ្ញា ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។


អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសារៗមាន៖ អង្ករ ២០ គីឡូ ត្រីខ ទឹកត្រី ទឹកសុទ្ធ ឃីត ១ បញ្ចប់ និងថវិកា ៥ម៉ឺនរៀល ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation