រដ្ឋមន្ត្រីទេសចរណ៍៖ ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដែលដឹកនាំដោយលោក ហ័ង ម៉ាញ់ទួន (Hoang Manh Tuan) អគ្គនាយកក្រុមហ៊ុន។

ការជួបពិភាក្សានេះ គឺដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ ឯកឧត្តម ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។

 ឯកឧត្តមក៏បានស្នើបន្ថែមឱ្យក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។

ចំពោះសំណើខាងលើនេះ លោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។ អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន។

ក្រោយពីមានការរិះគន់ចំពោះបញ្ហាពន្យារពេល និងលុបចោលជើងហោះហើរ ក្រុមហ៊ុនបានកែសម្រួលសេវាកម្មរបស់ខ្លួនល្អប្រសើរច្រើនឡើងវិញហើយ ចាប់ពីដើមឆ្នាំ២០១៩នេះមក ហើយលោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានប្ដេជ្ញាពង្រឹងគុណភាពសេវាដឹកអ្នកដំណើររបស់ខ្លួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation