Fake News: សារជាសំឡេងដែលថា មានខ្យល់ពុលនៅទីក្រុងបាងកកមកដល់ទីក្រុងភ្នំពេញគឺជាព័ត៌មានក្លែងក្លាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រយៈពេល២ថ្ងៃចុងក្រោយនៃថ្ងៃចុងសប្តាហ៍នេះ សារជាសំឡេងមួយត្រូវបានចែកចាយតគ្នាតាមបណ្តាញទំនាក់ ទំនងសង្គម Messenger ដែលបង្កឱ្យសាធារណជនមានការយល់ច្រឡំ និងព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈអំពីខ្យល់ពុលក្នុងរាជធានីភ្នំពេញ។ សារជាសំឡេងមានរយៈពេល ៤៤វិនាទី ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា « ព្រឹកមិញពួកម៉ាកនៅក្រសួងនិយាយមក ពួកវានៅខាងសុខាភិបាលអីៗហាស រដ្ឋយើងអត់ទាន់ហ៊ានប្រកាសហេណាស់ ប៉ុន្តែជាក់ស្តែងអាអ័ព្ទជាតិពុលចេញពីថៃមកហ្នឹង ឥឡូវវាគ្របមកដល់ភ្នំពេញហើយណា ដែលយើងងើយមើលមេឃ មេឃវាមិនសូមស្រលះ មេឃរាងអាប់ៗអីហ្នឹង គឺខ្យល់បរិយាកាសពុលដូចនៅថៃ ដូចនៅបាងកកហ្នឹង ហាស ព័ត៌មានហ្នឹងហាស ហើយអ៊ីចឹងឥឡូវដល់យើងហើយ ពាក់ម៉ាស់ពាក់អីទៅចេញដើរក្រៅត្រូវខ្យល់នោះ ត្រូវពាក់ម៉ាស់ ជាប់រហូតទៅ បើចូលក្នុងផ្ទះមិនត្រូវមិនត្រូវអីនោះអត់អីទេ ធ្វើដំណើរតាមផ្លូវអី បរិយាកាសលំហទូទៅ ត្រូវតែពាក់ម៉ាស់ដាច់ខាត ហើយ ពាក់អាម៉ាស់ល្អ កុំពាក់ម៉ាស់យួន តិចត្រូវធ្ងន់ដោយសារម៉ាស់ទៀត»។

សារជាសំឡេងខាងលើនេះ ត្រូវបានក្រសួងជំនាញ អះអាងថា ជាការចែករំលែកព័ត៌មាន ក្លែងក្លាយសុទ្ធសាធ ដែលមានចេតនា បំពុល បង្កចលាចល និងបំភ័ន្តមតិមហាជនឱ្យមានការភិតភ័យ។

ប្រភពពីក្រសួងបរិស្ថាននិងក្រសួងសុខាភិបាល ដែលCNC ទទួលបាននៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ថា រហូតមកដល់ពេលនេះ គុណភាពខ្យល់ នៅកម្ពុជាល្អជាធម្មតា ជាពិសេសរាជធានីភ្នំពេញ អត់មានបញ្ហាអីទេ។

បន្ថែមលើនេះ ទាំងក្រសួងសុខាភិបាលនិងក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋសូមកុំឱ្យមានការព្រួយបារម្ភធ្វើអី ហើយស្របគ្នានេះ ក្រសួងបរិស្ថាននឹងធ្វើការតាមដានរហូត ហើយបើមានអ្វីប្រែប្រួល មានអ្វីដែលគួរ ឱ្យព្រួយបារម្ភ ក្រសួងនឹងជូនដំណឹងបន្ទាន់ហើយ។

ឆ្លើយតបនឹងសារជាសំឡេងដែលចែកចាយនោះ ទាំងក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល អះអាងថា រាល់ព័ត៌មាន ទាំងឡាយណាដែលមិនមែន ចេញពីមន្ត្រីជំនាញរបស់ក្រសួង គឺមិនមែនជាព័ត៌មានពិតទេ សូមកុំឱ្យប្រជាពលរដ្ឋជឿឱ្យសោះ។

គួរកត់សម្គាល់ដែរថា ការចែករំលែកសារជាសំឡេងរបស់ជនអនាមិកអំពីព័ត៌មានក្លែងក្លាយខាងលើគឺជាការឆ្លៀតឱកាសបន្ទាប់ពី ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាននៅប្រទេសថៃ ត្រូវប្រយ័ត្នចំពោះ ខ្យល់ ពុលដែលកំពុងគំរាមកំហែងទៅដល់សុខភាព អ្នករស់នៅក្នុងទីក្រុងបាងកកនោះ, អាជ្ញាធរថៃនឹងប្រើប្រាស់ដ្រូន (Drone) ឲ្យបោសសម្អាតផង់ធូលីនៅក្នុងខ្យល់ក្នុងទីក្រុងបាងកក បន្ទាប់ពីបរិយាកាសនៅក្នុងទីក្រុងនេះ ត្រូវបានគ្របដណ្ដប់ដោយខ្យល់ កខ្វក់ចាប់តាំងពីខែធ្នូមកម្ល៉េះ។

បើតាមការបញ្ជាក់របស់ នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ថៃបានឱ្យដឹងថា បរិមាណនៃភាគល្អិតគ្រោះថ្នាក់នៅក្នុងខ្យល់ បានកើនឡើងនៅគ្រប់តំបន់ទាំងអស់ទាំងក្នុងនិងជុំវិញទីក្រុងបាងកកចាប់ តាំងពីថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩ ដោយបរិមាណនៃ បំណែកធូលីដែលត្រូវបានគេស្គាល់ថា PM 2.5 បានកើនឡើងខ្ពស់ជាងកម្រិតសុវត្ថិភាព។ ដែលក្នុងនោះមាន តំបន់ចំនួន៤២ ជុំវិញរដ្ឋធានីបាងកក ត្រូវប្រឈមមុខជាមួយវិបត្តិសុខភាព ហើយបានជំរុញឱ្យសាលារៀននៅក្នុងទីក្រុងបាងកក បិទទ្វារ អស់រយៈពេលមួយសប្តាហ៍កាលពីសប្តាហ៍មុន។

ប៉ុន្តែ យោងតាមការរបាយការណ៍នៃការវាស់ស្ទង់កម្រិតសន្ទស្សន៍គុណភាពខ្យល់ ដែលចេញផ្សាយដោយ airvisual.com នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បង្ហាញថា កម្រិតបំពុលខ្យល់នាពេលថ្ងៃត្រង់ក្នុងទីក្រុងបាងកកបានធ្លាក់ចុះពីកម្រិត ១៧៥  កាលពីថ្ងៃទី ៣០ ខែមករា មកនៅត្រឹមតែកម្រិត ៧៥ តែប៉ុណ្ណោះ ហើយដែលធ្វើឱ្យទីក្រុងនេះ ឈរនៅលំដាប់លេខរៀងទី ៣៧ ក្នុងចំណោមទីក្រុងទាំង៨៨ដែលមានខ្យល់ពុលខ្ពស់នៅលើពិភពលោក។

ខាងក្រោមនេះ ជាទីក្រុងដែលមានកម្រិតជាតិពុលខ្ពស់ជាងគេទាំង១០ ដែលចេញផ្សាយដោយ https://www.airvisual.com/world-air-quality-ranking៖
1 Kolkata, India 236
2 Kathmandu, Nepal 227
3 Ulaanbaatar, Mongolia 196
4 Lahore, Pakistan 194
5 Dhaka, Bangladesh 188
6 Delhi, India 167
7 Kabul, Afghanistan 163
8 Skopje, Macedonia 158
9 Wuhan, China 158
10 Hangzhou, China 156

សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសដល់សាធារណជនថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ផ្អែកតាមលទ្ធផលត្រួតពិនិត្យបង្ហាញថា គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញមានកម្រិតល្អប្រសើរ។

ជាទៀងទាត់ ក្រសួងបរិស្ថាន បានធ្វើការតាមដានវាយតម្លៃគុណភាពខ្យល់ រៀងរាល់ ២៤ម៉ោងម្តង ហើយយោងតាម លទ្ធផលអង្កេតឃើញថា ស្ថានភាពកម្រិតគុណភាព ខ្យល់នៅកម្ពុជា គឺល្អ ដែលស្ថិតនៅក្រោមស្តង់ដារកំណត់នៃជាតិពុល ដែលមានន័យថា វាអត់ស្ថិត នៅក្នុងដំណាក់កាលមួយ គ្រោះថ្នាក់អីទេ ដែលស្ថិតនៅចន្លោះពី ២៥ ឬ ២៦ ខណៈដែលកម្រិត ប្រកាសអាសន្នដល់ទៅ៣០០ ឬ ៤០០ ឯណោះ។

សូមរំលឹកថា តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ក្រសួងបរិស្ថាន បានធ្វើការអង្កេតតាមដានគុណភាពខ្យល់នៅតាម បណ្តាទីក្រុងធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃ អំពីស្ថានភាពគុណភាពខ្យល់សំដៅធានាដល់សុខភាពសាធារណៈ។ នៅឆ្នាំ២០១៧ ក្រសួងបរិស្ថានបានបំពាក់បន្ថែមនូវឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់លើភាគល្អិតនិចល PM10 និង PM2.5 ដែលជាប្រភេទភាគល្អិតបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់នោះ៕ (អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation