កម្ពុជា រំពឹងទទួលចំណូលពីវិស័យប្រេងជាង ១ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ប្រទេសកម្ពុជា នឹងអាចទាញយកចំណូលពីវិស័យប្រេងកាត នៅក្នុងប្លុក A សរុបប្រមាណជាង ១ពាន់លានដុល្លារ ឬប្រមាណ ជាង ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០១៩ កាលពីពេលថ្មីៗនេះថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនាពេលខាងមុខនេះ អាចក្នុងរង្វង់ជាង ១០០លានដុល្លារ ក្នុងមួយឆ្នាំ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច នឹងយកថវិកាទាំងនេះប្រើប្រាស់ក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជួយដល់សេដ្ឋកិច្ច និងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេលយូរអង្វែង។

ឯកឧត្តមថ្លែងថា ចំណូលពីវិស័យប្រេង នឹងត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត ដោយមិនត្រូវមិនត្រូវយកទៅប្រើប្រាស់សម្រាប់បើកប្រាក់បៀរវត្សមន្ត្រីរាជការ ឬប្រើប្រាស់ក្នុងកិច្ចការពុំចាំបាច់នោះឡើយ។

កាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិឲ្យទៅ ក្រុមហ៊ុន KrisEnergy របស់សឹង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រេងនៅប្លុក A ដែលនឹងទាញយកដំណក់ប្រេងលើកបំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៅឆ្នាំ ២០១៩។

យោងតាមកិច្ចព្រមព្រៀង ភាគហ៊ុន ៥ភាគរយ នៃប្រតិបត្តិការក្នុងប្លុក A នឹងត្រូវផ្ទេរទៅឲ្យរាជ រដ្ឋាភិបាលកម្ពុជា ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុនចំនួន ៩៥ភាគរយដែលនៅ សល់។

បន្ថែមពីលើនេះរាជរដ្ឋាភិបាលនឹងទទួលបានពន្ធលើប្រាក់ចំណូល ២៥ភាគរយ សម្រាប់រយៈ ពេល ៥ឆ្នាំដំបូង រាប់ចាប់ពីឆ្នាំដំបូងដែលមានចំណូលជាប់ពន្ធ និង ៣០ភាគរយ សម្រាប់ឆ្នាំបន្តបន្ទាប់ ហើយអត្រាពន្ធនេះនឹងបន្តកើនឡើងថែមទៀត ក្នុងករណីក្រុមហ៊ុនរកប្រាក់ចំណេ ញបានកាន់តែខ្ពស់។

តាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកគម្រោងប្រេងកាតប្លុក A សម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម ៩ឆ្នាំ ហើយអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅផងដែរនៅពេលអនាគត៕ អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation