ពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩ ធ្វើឡើងនៅកោះពេជ្ររហូតដល់ថ្ងៃទី៣កុម្ភៈ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ មានរៀបចំពិធីសម្ពោធពិព័រណ៍​ពាណិជ្ជកម្មថៃ ថប់ថៃប្រែន ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Chutima Bunyapraphasara អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ។

ពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រេន ២០១៩» ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ និងរាជរដ្ឋាភិបាលថៃ ក្នុងគោលបំណងរឹតបន្តឹងចំណងពាណិជ្ជកម្មរវាងប្រទេសថៃ និងប្រទេសកម្ពុជា និងបាននាំយក​ផលិត​ផល​ថៃ​ ដែលមានគុណភាពខ្ពស់មកតាំងបង្ហាញជូនដល់ប្រជាពលរដ្ឋកម្ពុជាបានស្គាល់កាន់តែច្បាស់បន្ថែមទៀត។

លោកជំទាវ Chutima Bunyapraphasara បានមានប្រសាសន៍​ថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម “ថប់ថៃប្រែន ២០១៩” មានគោលបំណងដាក់បង្ហាញនូវផលិតផល និងសេវាកម្មដែលមានឈ្មោះល្បីៗពីប្រទេសថៃ។ តាមរយៈពិព័រណ៍នេះមិនត្រឹមតែបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនវិនិយោគទុន និងទេសចរណ៍ផងដែរ។

ឯកឧត្តម ឈួន ដារ៉ា បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មថៃ ”ថប់ថៃប្រែន ឆ្នាំ២០១៩” បង្ហាញអំពីសក្តានុពលនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ។ ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅមានបង្កប់អត្ថន័យផ្នែកវប្បធម៌ ប្រពៃណី និងការផ្សារភ្ជាប់សង្គមរវាងប្រជាជនទាំងពីរ​ប្រទេស ឱ្យកាន់តែស្អិតរមួតថែមទៀត។

ជាងនេះទៅទៀត ឯកឧត្តម ឈួន ដារ៉ា បានមានប្រសាសន៍បន្ថែមថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម គឺជាសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឍពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានរួមសហការពង្រឹង និងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អ និងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគីផង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឈួន ដារ៉ា បានអំពាវនាវដល់វិនិយោគិន ធុរជនបរទេសពីគ្រប់ប្រទេស ជាពិសេសពីប្រទេសថៃ ឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ព្រោះបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរសម្រាប់ការវិនិយោគ និងធ្វើធុរកិច្ច ក្រោមកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation