សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា ដាក់ពាក្យប្តឹងបុគ្គលសម រង្ស៉ី ទៅកាន់តុលាការទីក្រុងប៉ារីស បន្ទាប់ពីសម្តេចក្រឡាហោម បានប្តឹងតុលាការក្នុងស្រុក
| ព័ត៌មានជាតិ
SHARE

ប៉ារីស៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងជាកូនប្រុសនៃសពលោក ហុក ឡងឌី បានដាក់ពាក្យបណ្តឹងជាផ្លូវការដាច់ដោយឡែកពីគ្នា ប្តឹងអតីត មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៉ី នៅ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការ ទីក្រុងប៉ារីស ប្រទេសបារាំង ដែលពាក្យប្តឹងទាំងពីរនេះ គឺ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានធ្វើឡើងតាមរយៈមេធាវី ជនជាតិបារាំងល្បីៗឈ្មោះចំនួន៣រូប រួមមាន លោកមេធាវី Brosselet, លោកមេធាវី Doyez និង លោកមេធាវី Leick។


ការសម្រេចដាក់ពាក្យបណ្តឹងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់តុលាការប្រទេសបារាំង ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានអះអាងដោយ មួលបង្កាច់ថា  សម្តេចតេជោ បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់ឯកឧត្តម ហុក ឡងឌី ហើយបានបញ្ជាឲ្យសម្លាប់ឯកឧត្តម ជា វិជ្ជា និងចោទសម្តេចថា បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់ឯកឧត្តម ហុក ឡងឌី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំង ដែលការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យប្តឹងបុគ្គល សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុង ទំព័រហ្វេស ប៊ុករបស់ខ្លួន និងសំដីដែលបុគ្គលនេះបាន និយាយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកភាសាខ្មែរ (VOA) ដែលនៅក្នុងនោះបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់យ៉ាងឆ្កួតលីលា និងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន។ បុគ្គល សម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា៖ (១) សម្តេចតេជោ បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់ឯកឧត្តម ហុក ឡងឌី (២) សម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងចុងក្រោយ (៣) សម្តេចតេជោ បានភូតកុហកអំពីមូលហេតុ នៃការស្លាប់របស់ ឯកឧត្តម ហុក ឡងឌី ដោយកុហកថា ឧទ្ធម្ភាគចក្រដែលក្នុងនោះឯកឧត្តម ហុក ឡងឌី បានទទួលមរណភាព គឺត្រូវរន្ទៈបាញ់ ខណៈដែលបុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ។ ទាំងនេះជាការចោទប្រកាន់ បែបបរិហារកេរ្តិ៍ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រ ហ្វេសប៊ុករបស់បុគ្គល សម រង្ស៉ី។

តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោស ប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ ដែលជាជនរួមជាតិ របស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ»។


ដោយឡែកចំពោះមូលហេតុនៃការដាក់ពាក្យបណ្តឹងរបស់ឯកឧត្តម ឌី វិជ្ជា កូនប្រុសនៃសពឯកឧត្តម ហុក ឡងឌី និងជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់តុលាការ ប្រទេសបារាំង ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានអះអាងចោទប្រកាន់ឯកឧត្តម ឌី វិជ្ជា ដោយបំពាន និងខុសស្រឡះថា ឯកឧត្តម បានជឿជាក់ថា ឪពុករបស់គាត់ត្រូវបាន សម្តេចតេជោ ហ៊ុន សែន សម្លាប់ ហើយបុគ្គល សម រង្ស៉ី អះអាងមួលបង្កាច់ឯកឧត្តម ឌី វិជ្ជា មានចេតនា សងសឹក ចំពោះការសម្លាប់ ឪពុករបស់ខ្លួន ហើយអះអាងទៀតថា ឯកឧត្តម ឌី វិជ្ជា នឹងរៀបចំផែនការសងសឹក ដោយរួមដៃជាមួយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។

សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«ឯកឧត្តម ឌី វិជ្ជា បានប្តឹងបុគ្គល សម រង្សី ចំពោះសារមួយដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។ បុគ្គល សម រង្ស៊ី បានចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយបំពាននិងដោយខុសស្រឡះថា ឯកឧត្តម ឌី វិជ្ជា បានជឿជាក់ថាឪពុករបស់ គាត់ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្លាប់។ បុគ្គលសម រង្សីបានអះអាងដោយមួលបង្កាច់ថា ឯកឧត្តម ឌី វិជ្ជា មានចេតនា «សងសឹក» ចំពោះការសម្លាប់ឪពុករបស់ខ្លួនហើយ ដើម្បីសម្រេចកិច្ចការនេះ ឯកឧត្តម ឌី វិជ្ជា ត្រូវរៀបចំផែនការសងសឹកនេះ ដោយរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។ ឯកឧត្តម ឌី វិជ្ជា មិនអាចទទួលយកការទម្លាក់កំហុស បែបបរិហារកេរ្តិ៍នេះបានទេ។ បើតាមការពិនិត្យទៅលើពាក្យពេជន៍ដែលបុគ្គលសម រង្សី បានប្រើ (ពាក្យ «សងសឹក» និង «ផែនការ») គឺជាការចោទប្រកាន់ថា ឯកឧត្តមពិតជាមានបំណងធ្វើសកម្មភាពដោយខុសច្បាប់ ដើម្បីសងសឹកចំពោះឧក្រិដ្ឋកម្ម លើឪពុករបស់ខ្លួន។ ការនិយាយចោទប្រកាន់ដោយបុគ្គលសមរង្សីនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកិត្តិយសនិង កិត្តិស័ព្ទរបស់ឯកឧត្តម ឌី វិជ្ជា តម្រូវឲ្យឯកឧត្តម ដាក់ពាក្យបណ្តឹងទៅតុលាការ»។


គួរកត់សម្គាល់ដែរថា ពាក់ព័ន្ធនឹងការបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី ពីសំណាក់ បុគ្គល សម រង្ស៉ី នេះដែរ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង ចំនួន៣រូប បានដាក់ពាក្យ បណ្តឹងមួយទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅ ប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺ ចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែល នឹង ១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់សម្តេចក្នុង១ឆាកជីវិតនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation