អភិបាលរងខេត្តមណ្ឌលគិរីជំរុញ ឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សាមគ្គីសហការគ្នា ដើម្បី វិស័យអប់រំ
| ព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបវាយម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំសិក្សាថ្មី២០១៨-២០១៩ ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកអភិបាលស្រុក ប្រតិភូអប់រំក្រុង/ស្រុក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ប្រមាណជា២០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកែវសីមា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពិធីបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡានាពេលនេះ គឺជាការប្រមូលផ្តុំគ្រប់ជំនាញគ្រប់ផ្នែក ដើម្បីរួមចំណែកក្នុងការផ្តល់យោបល់ និងពិភាក្សា ដើម្បីរកឱ្យឃើញក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីឱ្យមានការរីកចម្រើន។

លោកស្រី បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាស្រ្តាចារ្យ លោកគ្រូ/អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនអស់រយៈពេលមួយឆ្នាំសិក្សាកន្លងមកតាមតួនាទី និងមុខងាររៀងៗខ្លួនទទួលបានជោគជ័យ។ ជាងនេះទៅទៀត លោកស្រី អភិបាលរងខេត្ត បានសំណូមពរដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវលើភារកិច្ច និងតួនាទីរបស់ខ្លួនដោយសហការសាមគ្គីគ្នា ក្នុងការអនុវត្តតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំយុវជន និងកីឡា២០១៨-២០២៣ និងការកែទម្រង់វិស័យអប់រំដែលក្រសួងអប់រំយុវជន និងកីឡាដែលបានរៀបចំឡើង។

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ទឹម សង្វាត បានឲ្យដឹងថា ឆ្នាំសិក្សាកន្លងទៅនេះ មន្ទីរអប់រំយុវជន និងកីឡា បានខិតខំអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៤-២០១៨ ដោយផ្អែកលើគោលនយោបាយទាំងពីរ ទី១-ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ទី២-ធានាភាពសាកសិទ្ធនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ជាក់ស្តែង ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះខេត្តមណ្ឌលគិរី មានសាលាមត្តេយ្យរដ្ឋ២៣សាលា សិស្សសរុប១.០៧៩នាក់ មត្តេយ្យសហគមន៍៣០កន្លែង សិស្សសរុប ៦២០នាក់ និងមត្តេយ្យឯកជន០៣កន្លែង សិស្សសរុប១៣៦នាក់ សាលាបឋមសិក្សារដ្ឋមានចំនួន ៨៩សាលា សិស្សសរុប១៤.៥៥៥នាក់ សាលាបឋមសិក្សាឯកជនមាន០២កន្លែង សិស្សសរុប ១៨៩នាក់ អនុវិទ្យាល័យចំនួន១៤សាលា មានសិស្សសរុប៣.២១៤នាក់ វិទ្យាល័យមានចំនួន០៥សាលា សិស្សសរុប១.៣៨៦នាក់។ ដោយឡែក បុគ្គលិកអប់រំទូទាំងខេត្តមានចំនួន៩៣០នាក់ ក្នុងនោះមានគ្រូជនជាតិដើមភាគតិចចំនួន២៨៨នាក់៕ ប៊ុត សុភក្ត័


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation