កំណាត់ផ្លូវពីរខ្សែនៅក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានជួសជុល
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖នៅអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។

កំណាត់ផ្លូវ ១៤៦B ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ២៤,៥០គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេ ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការជួសជុលផ្លូវនេះចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣.៥៨០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) អនុវត្តគម្រោងដោយវិស្វកម្មក្រសួងការពារជាតិ និងចំណាយថវិកាសរុបប្រមាណ ២.៤៦៧លានរៀល ជាថវិកាជាតិ ក្រោមគម្រោងជួសជុលផ្លូវថ្នល់។

ចំណែកឯកំណាត់ផ្លូវលេខ១៤៨ ឬ វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប២៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ (មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះជួសជុលដោយចាក់បេតុងសរសៃដែក កម្រាស់២៣សង់ទីម៉ែត្រ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ដោយចំណាយថវិកាអស់ប្រមាណ២.៨៨៨លានរៀល ជាថវិការបស់ជាតិ។

សូមបញ្ជាក់ថា ការជួសជុលនេះ គឺជាការជួសជុលបណ្ដោះអាសន្ន ដោយក្រាលកៅស៊ូបាចពីរជាន់ និងជួសជុលត្រង់ចំណុចរងការខូចខាតតែប៉ុណ្ណោះ ព្រោះថាផ្លូវនេះ ក្រសួងកំពុងសិក្សាដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនេះពីការក្រាលកៅស៊ូបាចពីរជាន់ (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ឬបេតុងសរសៃដែក។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់គ្នាត្រង់រង្វង់មូលស្ទឹងហាវ។

គូសបញ្ជាក់ថា កំណាត់ផ្លូវទាំងពីរខ្សែនេះដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន មានលក្ខណៈងាយស្រួល លឿន និងចំណាយតិច ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ជាពិសេសការកកស្ទះរថយន្តដឹកជញ្ជូនធុនធ្ងន់។

ជាមួយគ្នានោះដែរ ក្រសួងសាធារណការក៏មានគម្រោងអភិវឌ្ឍ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីផងដែរ ដូចជា៖ ការពង្រីក និងលើកម្ពស់គុណភាពផ្លូវជាតិលេខ៣ លេខ៣១ លេខ៣៣ លេខ៤១ លេខ១០ លេខ៤ ស្ពាននានា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម ជាពិសេសគម្រោងអភិវឌ្ឍបន្ថែមផ្លូវនៅក្នុងខេត្តព្រះសីហនុ តួយ៉ាងផ្លូវលេខ១៤៩បេ បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់សាលាឃុំបិត្រាង ឆ្ពោះទៅកាន់រង្វង់មូលតោពីរ និងផ្លូវពីព្រលានយន្តហោះ ឆ្ពោះទៅកាន់រង្វង់មូលតោពីរជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation