ព័ត៌មានអន្តរជាតិ

កងទ័ពរដ្ឋាភិបាលស៊ីរីរុលចូលដល់ជាយក្រុងនៃទីតាំងដែលគ្រប់គ្រងដោយក្រុមឧទ្ទាម

image

កងទ័ពរដ្ឋាភិបាលស៊ីរី កាលពីថ្ងៃចន្ទ បានទៅដល់ជាយក្រុង Khan Sheikhoun ដែលជាទីក្រុងកាន់កាប់ ដោយក្រុមឧទ្ទាមដ៏ធំមួយ នៅក្នុងខេត្ត Idlib ដែលជាមូលដ្ឋានចុងក្រោយ របស់ឧទ្ទាម។

ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល និងអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលជាអ្នកឃ្លាំមើលសង្គ្រាម បានរាយការណ៍ថា កងទ័ពបានចូលទៅទីក្រុងនាភាគពាយព្យ។

Khan Sheikhoun ជាបន្ទាយនៃក្រុម Hayat Tahrir al-Sham ដែលជាប់ទាក់ទង នឹងអាល់កៃដា ដែលជាក្រុមមានឥទ្ធិពលបំផុត នៅក្នុងតំបន់ ដែលកាន់កាប់ ដោយក្រុមឧទ្ទាម។

ទីក្រុងនេះ ជាកន្លែងនៃការវាយប្រហារ ដោយគ្រាប់បែកគីមី កាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្ស៨៩នាក់។

កងទ័ពស៊ីរី បានធ្វើការវាយលុក នៅតំបន់ Idlib និងតំបន់ជុំវិញរបស់ខ្លួន ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា។

តំបន់នេះមានប្រជាជនប្រមាណ ៣ លាននាក់ ដែលភាគច្រើននៃពួកគេ បានផ្លាស់ទីលំនៅនៅក្នុងសមរភូមិផ្សេងទៀត ជុំវិញប្រទេសដែលហែកហួរ ដោយសង្គ្រាម៕