អាជ្ញាធរបញ្ចេញរថយន្តល្បាតតាមដងផ្លូវជាតិចំនួន៤ខេត្តកាត់បន្ថយបទល្មើសនិងគ្រោះថ្នាក់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរមានសមត្ថកិច្ចចាប់ផ្តើម បញ្ចេញកម្លាំងចល័តចំនួន៤ខេត្ត តាមផ្លូវជាត់ចំនួន២ ទប់ស្កាត់បទល្មើសចរាចរណ៍គ្រប់ប្រភេទគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍។

នេះតាមការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីប្រគល់រថយន្តចំនួន៤គ្រឿងដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈនៅព្រឹកថ្ងៃទី២០ សីហានេះ នៅអគ្គស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្តឲ្យដឹងថាកិច្ចការល្បាតត្រួតពិនិត្យបទល្មើសចរាចណ៍ គឺត្រូវបានអនុវត្តទៅតាមផែនការដែលបានលើកឡើងនៅទូទាំងប្រទេស ដែលក្នុងនោះរួមមាននាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈក៏មានបង្កើតក្រុមល្បាតមួយដើម្បីធ្វើការរួមជាមួយគ្រប់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត។ឯកឧត្តមបន្តថា នេះជាកិច្ចការថ្មីមួយដែលទើបតែអនុវត្ត ដែលមានគោលបំណងទី១ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា ដែលពីមុនសមត្ថកិច្ចរកឃើញបទល្មើសចរាចរណ៍តែនៅលើគោលដៅអចល័ត ដូច្នេះការបង្កើតកម្លាំងចល័តនេះ គឺតាមមើលបទល្មើសដែលអ្នកបើកបរកំពុងតែធ្វើចលនានៅលើរថយន្តតាមដងផ្លូវតែម្តង ក្នុងនោះពិនិត្យមើលថាតើអ្នកបើកបរមានកំហុសខាងផ្នែកច្បាប់អ្វីខ្លះ ពាក់ព័ន្ធនិងបញ្ហាបច្ចេកទេសអ្វីខ្លះ ដោយផ្អែកលើមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ជាច្រើនដែលជាកំហុសនៃ អ្នកបើកបរធ្វើចលនាដែលសមត្ថកិច្ចកន្លងមកមិនអាចទុបស្កាត់បាន ដូចជាការបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ វ៉ាជែងជាដើម។

 ឯកឧត្តម អគ្គស្នងការរងបានឲ្យដឹងថាការងារល្បាតនេះត្រូវបានទទួលបញ្ជាឲ្យអនុវត្តនៅលើផ្លូវជាតិចំនួន២ដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេគឹផ្លូវជាតិលេខ៤និងផ្លូវជាតិលេខ៥ក្នុងទឹកដីនៃខេត្តចំនួន៤ មានខេត្តកំពង់ស្ពឺ ព្រះសីហនុ ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។ការងារនេះត្រូវមានកិច្ចសហការនិងជូនដំណឹងដល់អភិបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តទាំង៤នេះផង ដែរ។   

 ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តាំផ្ញើឲ្យកម្លាំងសមត្ថកិច្ចដែលត្រូវបានចាត់បញ្ជូនឲ្យទទួលភារកិច្ចទាំងអស់ត្រូវគោរពសីលធម៌ និងវិន័យ ឲ្យបានភ្ជាប់ភ្ជួន ទី១គឺ ការគោរពបញ្ជារបស់ថ្នាក់ដឹកនាំ ពេលវេលចុះធ្វើការ ពេលវេលាបញ្ចប់ ទីតាំងនិងគោលដៅ ទី២ ពាក់ព័ន្ធនឹង ឯកសណ្ឋាន សម្លៀកបំពាក់ដែលចុះប្រតិបត្តការ និងទី៣ គឺពេលវេលាចុះប្រតិបត្តការដែលខុសគ្នាពីពេលវេលាធ្វើការនៅក្នុងការិយាល័យ ព្រោះជាក្រុមល្បាត ឆ្មក់ចាំមើល មានពេលខ្លះយប់ ឬថ្ងៃមិនទៀតទាត់ ផ្អែកទៅតាមស្ថានភាពជាក់ស្តែង។

 របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថាក្នុងខែកក្កដាកន្លងទៅនេះមានគ្រោះថ្នាក់កើតឡើងចំនួន៣៣៦លើកមានអ្នកស្លាប់ចំនួន១៤១នាក់និងរបួសចំនួន ៥៩៨នាក់(របួសធ្ងន់៣៤៥នាក់)ក្នុងចំណោមអ្នកស្លាប់ចំនួន១៤១នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន១០៥នាក់ស្មើ៧៤% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៧៩នាក់ស្មើ៧៥%។ រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន០២លើក នៅខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ចំនួន០២នាក់ និងរបួសចំនួន៥៨នាក់៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation