J Trust Royal Bank និមិត្តសញ្ញានៃទំនុកចិត្តនិងភាពជាដៃគូនៅគ្រប់កម្រិតសម្រាប់ប្រទេសកម្ពុជា-ជប៉ុន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ទំហំនៃវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេស កម្ពុជា-ជប៉ុន ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះនៃឆ្នាំ២០១៩ បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះ ជប៉ុនបាននាំទំនិញចូលមកកាន់កម្ពុជាក្នុងទំហំទឹកប្រាក់ ៤៤០លានដុល្លារ ដែលចំនួននេះ ស្មើនឹងចំនួនទឹកប្រាក់ដែលជប៉ុននាំចូលមកកម្ពុជារយៈពេលមួយឆ្នាំពេញ កាលពីឆ្នាំ ២០១៨។

ជាមួយគ្នានេះដែរ នៅក្នុងរយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្ម ដែលប្រទេសកម្ពុជានាំចេញទៅកាន់ ប្រទេសជប៉ុន បានកើនឡើងដល់ ១.៧០០លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលឆ្នាំ២០១៨កន្លងទៅ កម្ពុជាបាននាំចេញ ទៅប្រទេស ជប៉ុន មានទំហំទឹកប្រាក់ប្រមាណ តែ ១.៦០០លានដុល្លារអាមេរិកប៉ុណ្ណោះ។

កំណើននៃការវិនិយោគនិងទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន នេះ បង្ហាញសញ្ញាវិជ្ជមានថា កម្ពុជានៅតែទទួលបាន ទំនុកចិត្ត ក្នុងការដាក់ទុនវិនិយោគលើ គម្រោងថ្មីៗ ពីសំណាក់ក្រុមហ៊ុនធំៗរបស់ជប៉ុន ស្របគ្នាដែលកម្ពុជា កំពុងបន្តដើរលើមាគ៌ា សន្តិភាព ស្ថិរភាពនយោបាយ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧ភាគរយក្នុងមួយឆ្នាំ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែង ធនាគារជប៉ុនដ៏ធំ J Trust Bank ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានវត្តមានរកស៊ីនៅប្រទេសធំៗ ក្នុងតំបន់អាស៊ី អស់ជាច្រើនឆ្នាំមកហើយនោះ បានសម្លឹងឃើញឱកាសថ្មីនៅកម្ពុជា ដោយបានចាប់ផ្តើមវិនិយោគលើវិស័យ ធនាគារតាមរយៈ កិច្ចសហការគ្នាជាមួយក្រុមហ៊ុន Royal group របស់អ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ បានទិញចំណែក ភាគហ៊ុនក្នុងធនាគារ ANZ Royal (កម្ពុជា) ពីធនាគារ ANZ Group របស់អូស្ត្រាលីកាលពីខែឧសភា ឆ្នាំ ២០១៨កន្លងទៅ។


ក្នុងចក្ខុវិស័យរួមគ្នាធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា កាន់តែរីកចម្រើនស្របតាមបច្ចេកវិទ្យាទំនើបបែបឌីជីថល ក្រុមហ៊ុន J Trust និង ក្រុមហ៊ុន Royal group បានព្រមព្រៀងគ្នាប្រើឈ្មោះថ្មីមួយ ដែលបានពីការរួមបញ្ចូលគ្នានៃឈ្មោះរបស់ក្រុមហ៊ុនទាំងពីរ គឺ ធនាគារ«J Trust Royal Bank»។


ធនាគារ«J Trust Royal Bank» នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ក៏ដូចជាវិស័យ ហិរញ្ញវត្ថុនៅក្នុងតំបន់ ដោយប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីលើកកម្ពស់និងបង្កើនសកម្មភាពអាជីវកម្មធនាគារនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ធនាគារ«J Trust Royal Bank» អះអាងថា ជប៉ុន ស្ថិតក្នុងចំណោមបណ្ដាប្រទេសឈានមុខគេ ផ្នែកបច្ចេកវិទ្យាជឿនលឿន ដែលបានជួយជំរុញឱ្យមានការរីកចម្រើន មិនត្រឹមតែក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងសកលលោកទៀតផង ដូចនេះ ដោយឈរលើ និមិត្តរូបនៃគុណភាព និងទំនុកចិត្តជាងគេរបស់ជប៉ុននោះ J Trust Royal Bank សន្យាថា នឹងធ្វើឱ្យ ជីវិតពលរដ្ឋកម្ពុជាអ្នកកាន់តែប្រសើរឡើងជាមួយនឹងបច្ចេកវិច្ចេកវិទ្យាវិវឌ្ឍន៍ថ្មី ហើយគ្រប់ទីកន្លែងដែល J Trust Royal Bank ធ្វើប្រតិបត្តិការ គឺតែងតែធ្វើការខិតខំប្រឹងប្រែងជំរុញឱ្យមានការរីកចម្រើន អាជីវកម្មជោគជ័យ និងធ្វើឱ្យជីវិតអ្នកកាន់តែ ប្រសើរឡើង។


ធនាគារ«J Trust Royal Bank» ក៏នឹងអនុវត្តការផ្តល់ប្រាក់កម្ចីដើម្បីជួយដល់ក្រុមហ៊ុនខ្មែរ ដែលមានតម្រូវការ ឥណទានផងដែរ ហើយការផ្តល់ប្រាក់កម្ចីនេះ ធ្វើឡើងស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឲ្យលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេ ត្រាស់ធ៍ (J Trust Bank)។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ក្រុមហ៊ុន ចេ ត្រាសធ៍ របស់ជប៉ុន ដែលមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងចាប់ដៃគូជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅកម្ពុជា បានសម្តែងការសារទរចំពោះវត្តមានក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុននៅកម្ពុជា ដោយអះអាងថា ការវិនិយោគរួមគ្នារវាងអ្នកជំនួញកម្ពុជា-ជប៉ុន លើធនាគារ«J Trust Royal Bank» នេះ នឹងបង្កើននូវទំនុកចិត្តកាន់តែខ្លាំង ដល់បណ្តាវិនិយោគិនជប៉ុន ក៏ដូចជាវិនិយោគិនអន្តរជាតិនានាដែលមានបំណងវិនិយោគនៅកម្ពុជា។ «J Trust Royal Bank» មិនត្រឹមតែផ្តល់ភាពជឿជាក់លើអនាគតនៃគម្រោងវិនិយោគថ្មីៗរបស់បរទេសនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវត្តមាននៃធនាគារ មួយនេះ នឹងរួមចំណែកជម្រុញកំណើនទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងកម្រិតជីវភាព របស់របស់ប្រជាពលរដ្ឋកម្ពុជា ដែលនឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែស្អិតល្មួតនៅគ្រប់កម្រិត ចាប់តាំងពីប្រជាជន ភ្ញៀវទេសចរ អ្នកជំនួញ អ្នកនយោបាយ គណបក្ស ស្ថាប័ន និងថ្នាក់ដឹកកំពូលនៃប្រទេសទាំងពីរ ស្របតាមគោលនយោបាយការ បរទេស របស់រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

គួររម្លឹកថា ក្រុមហ៊ុន J Trust ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៧ ក្នុងប្រទេសជប៉ុន ដោយដាក់ឈ្មោះថា Ikko Shoji Co,. Ltd. ។ ក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់រហូតដល់ចុងក្រោយ បានប្តូរឈ្មោះថា J Trust Co., Ltd. នៅខែកក្កដា ឆ្នាំ២០០៩ មកទល់ពេលបច្ចុប្បន្ន។ ដើម្បីឱ្យស័ក្តិសមនឹងឈ្មោះក្រុមហ៊ុន ក្រុមហ៊ុននេះបានប្រឹងប្រែងធ្វើការយ៉ាងហ្មត់ចត់អស់រយៈពេល ជាច្រើនឆ្នាំ រហូតទទួលបានការជឿទុកចិត្តពីអតិថិជនរាប់លាននាក់។ J Trust ធ្វើប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុនៅប្រទេស ជាច្រើន ដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលី និងសិង្ហបុរី ហើយនៅប្រទេសទាំងនេះក្រុមហ៊ុននេះ បានជួយលើកកម្ពស់ សេវាកម្ម ហិរញ្ញវត្ថុបានយ៉ាងច្រើន ដែលរួមមាន សេវាកម្មធនាគារ សេវាកម្មទទួលប្រាក់បញ្ញើ ផ្តល់ប្រាក់កម្ចី និងផ្តល់សេវាកម្ម បង់រំលស់ជាដើម ដោយឈរលើពាក្យស្លោកជាគោលការណ៍គ្រឹះមួយថា J Trust សម្រាប់សាងអនាគតហិរញ្ញវត្ថុរបស់អ្នក J Trust នាំអ្នកទៅអ្នកកាន់អនាគតដ៏ភ្លឺស្វាង។

គួរកត់សម្គាល់ថា ឈានមកដល់ឆ្នាំ២០១៩ នេះ កម្ពុជា-ជប៉ុន មានទំនាក់ទំនងមិត្តភាពរវាងគ្នានិងគ្នា អស់រយៈពេល៦៦ឆ្នាំ មកហើយបើ គិតចាប់តាំងពីឆ្នាំ១៩៥៤ មក ។ ទំនាក់ទំនងកម្ពុជា-ជប៉ុន បានឈានដល់កម្រិតល្អមួយ បន្ទាប់ពីមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នាឆ្នាំ១៩៩១ ជប៉ុនបានចេញមុខដើរតួនាទីសំខាន់នៅក្នុងអភិក្រមនៃការកសាង ស្ថាបនាកម្ពុជា ឡើងវិញ ហើយចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់សព្វថ្ងៃ ជាមធ្យមភាគ ជប៉ុនផ្តល់ជំនួយឲ្យកម្ពុជា ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ ជាពិសេសដើម្បីជួសជុល ឬកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតធនធានមនុស្ស។ ជប៉ុន សន្យាជួយកម្ពុជាគ្រប់បែបយ៉ាង តាមសេចក្ដីត្រូវការរបស់កម្ពុជា ដោយឈរលើ គោលការណ៍មួយ គឺជំនួយ ដល់ប្រជាជន គឺជាការកាត់បន្ថយភាពក្រីក្រ យ៉ាងពិតប្រាកដ។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ជប៉ុននៅតែបន្តឈរក្នុងតំណែង ជាប្រទេសធំទីពីរ ក្នុងការផ្ដល់ជំនួយ ឥតសំណង សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលរួមមាន ស្ពាន ថ្នល់ សាលារៀន សំណង់ ទឹកស្អាត បរិស្ថាន និងជំនួយ សម្រាប់សាលាជំនុំជម្រះក្ដី ខ្មែរក្រហម ជំនួយកម្ចាត់មីន ហើយ ថ្មីៗនេះ ជប៉ុនក៏ជួយកម្ពុជាខ្លាំងថែមទៀតតាមរយៈ ជំនួយលើការងារបោះឆ្នោត ហើយជំនួយភាគច្រើនផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA។


ទំនាក់ទំនងកម្ពុជា និងជប៉ុន ដែលកំពុងបន្តមានភាពស្និទ្ធស្នាលនិងរឹងមាំឡើងជាលំដាប់ ក្នុងក្រាំងមាសប្រវត្តិសាស្ត្រនោះ អាចចាត់ទុកជាទំនាក់ទំនងដ៏បរិសុទ្ធ ក្នុងបុព្វហេតុមនុស្សធម៌និងមិត្តភក្ដិដ៏ស្មោះត្រង់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation