ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវបានបញ្ឈប់ទាំងស្រុងចាប់ពីពេលនេះតទៅ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា ជាមួយយន្តការរដ្ឋបាល និង បច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្ត ចង្កូតស្ដាំត្រូវបានបញ្ឈប់ទាំងស្រុងចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ។

នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រចាំខែស្ដីពី វឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ ដែលកិច្ចប្រជុំនេះ ផ្ដោតជាសំខាន់ លើរបៀបវារៈសំខាន់ៗរួមមាន៖ ការជំរុញយន្តការសាងសង់ ជួសជុល ថែទាំផ្លូវថ្នល់ ឱ្យមានគុណភាពស្តង់ដារអន្តរជាតិ ការបិទលែងទទួលចុះបញ្ជីរថយន្តចង្កូតស្ដាំ គម្រោងក្នុងការសាងសង់អាគារដ្ឋបាលថ្មីរបស់ក្រសួង និងបញ្ហាផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនោះថា ជាមួយយន្តការរដ្ឋបាល និង បច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ក្រៅពីបញ្ហារថយន្តចង្កូតស្តាំ ឯកឧត្ដមស៊ុន ចាន់ថុល បានជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងបំពេញ ការងារទ្វេដងនៅក្នុង អាណត្តិ ទី៦នៃរាជរដ្ឋា ភិបាលនេះ ខិតខំរិះរកគ្រប់មធ្យោបាយ និងយន្តការផ្សេងៗដើម្បីជំរុញឱ្យការផ្ដល់សេវា សាធារណៈ បានលឿនជាងមុន ពង្រឹងគុណភាពសាងសង់ ជួសជុល និងថែទាំផ្លូវថ្នល់ ដោយធានា ឱ្យបានតាមគុណភាពស្ដង់ដារ ពោលគឺ៖ “ធ្វើផ្លូវឱ្យមាំ មិនមែនធ្វើផ្លូវជាប់រហូតនោះទេ” ៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation