ព័ត៌មានជាតិ

ឆ្នាំនេះខេត្តកំពង់ឆ្នាំងមានបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន៤៤៩៧នាក់

image

កំពង់ឆ្នាំង: ឆ្នាំនេះខេត្តកំពង់ឆ្នាំង មានបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសរុបចំនួន៤ ៤៩៧នាក់ ក្នុងនោះស្រី២៣៥៨នាក់ ចែកចេញជា៨មណ្ឌល និង ១៨១បន្ទប់។

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូង នៃការប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យក្រុងកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង និង ពិនិត្យអំពីស្ថានភាពទូទៅនៃការប្រឡង ពាក់ព័ន្ធការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡងនីមួយៗ ក្នុងខេត្តផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានត្រៀមលក្ខណៈ និង ចាត់វិធានការយ៉ាងហ្មត់ចត់បំផុត ដោយបានណែនាំដល់អាជ្ញាធរ និង គ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ស្របតាមគោលការណ៍ថ្នាក់ជាតិ ដែលបានកំណត់ណែនាំ ដើម្បីធានារក្សាអោយបាន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩នេះ ឲប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ពោលគឺអ្នកចេះគឺជាប់។

លោកបានផ្តាំផ្ញើឲ្យបេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវចំណេះដឹង ដែលបានខិតខំសិក្សាកន្លងមក និង ត្រូវគោរពឲបាននូវបទបញ្ញត្តិ នៃការប្រឡងឲបានល្អប្រសើរ ។