ព័ត៌មានជាតិ

២០១៤-២០១៩ ឆ្នាំទី៦នៃកំណែទម្រង់ប្រលងបាក់ឌុប"អ្នកចេះ គឺជាប់"

image

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា មានមណ្ឌលប្រលងសរុប ២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧។ហើយមានបេក្ខជនប្រឡងសរុបចំនួន១១៧,០២៤នាក់ ស្រីមានចំនួន៦០,៤២១នាក់។

គួររំលឹកដែរថា ការប្រលងបាក់ឌុប នៅឆ្នាំ២០១៨ មានបេក្ខជនប្រលងសរុបចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់។ជាលទ្ឋផលបេក្ខជនប្រលងជាប់មានចំនួន ៧៥,០៥៩នាក់ស្មើនឹង៦៦.២១%  ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។

យោងតាមកំណត់ត្រានៃការប្រលងបាក់ឌុបរយៈពេល៥ឆ្នាំកន្លងទៅ ក្រោមកំណែទម្រង់រឹតបន្តឹងការប្រលងរបស់រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក្រោមពាក្យស្លោក "អ្នកចេះ គឺជាប់" សម្រេចបានវឌ្ឍនភាពថ្មីជាបន្តបន្ទាប់ ដូចជា៖

ឆ្នាំ២០១៤៖ សិស្ស​ជាប់​បាក់​ឌុប​ទូទាំង​ប្រទេស​​លើក​ទី១ មាន​ចំនួន ២៣,១២៦នាក់​​ ស្មើនឹង​២៥,៧២​% ក្នុងចំណោមបេក្ខជន ៨៩,៩៣៧​នាក់។ ក្នុងនោះ​​​សិស្ស​ជាប់​និទ្ទេសមាន A ចំនួន ១១នាក់។

 ប្រលង​លើក​ទី២ ជាប់​ចំនួន ១២,១៩៩នាក់ ស្មើ ១៧,៩៤% ក្នុង​ចំណោម​បេក្ខជន​សរុប ៦៨,០០០ នាក់ ប៉ុន្តែ​គ្មាន​អ្នក​ជាប់​និទ្ទេស A ឡើយ។

ឆ្នាំ២០១៥៖ បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន ៤៦,៥៦០នាក់ ​ត្រូវ​ជា ៥៥,៨៨ភាគរយ​នៃ​បេក្ខជន​វត្តមាន​សរុប ៨៣,៣២៥នាក់​។ ​ក្នុង​នោះ​និទ្ទេស A មាន ១០៨នាក់។ B មាន ១០៨៥ នាក់ C មាន ៣២៩២ នាក់ D មាន ៦០៩៣ និង​និទ្ទេស E មាន ៣៥ ៩៨២នាក់។

ឆ្នាំ២០១៦៖ បេក្ខជនប្រលងជាប់បាក់ឌុបមានចំនួន ៥៥,៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩,៦៦១នាក់។ សិស្សជាប់និទ្ទេស A មានចំនួន ៤០៥នាក់។ និទ្ទេស B មានចំនួន ២៨០១នាក់ និទ្ទេស C មានចំនួន៥៥៩៥នាក់ និទ្ទេស D មានចំនួន ៨៨៣៥នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧នាក់។

ឆ្នាំ២០១៧៖ បេក្ខជនប្រលងជាប់មានចំនួន ៦៣,៦៦៨នាក់ ត្រូវជា ៦៣,៨៤% នៃ​បេក្ខជន​បាន​ចូលរួម​ប្រលង ៩៩,៧២៨នាក់។ សិស្ស​ដែល​ប្រលងជាប់​​និទ្ទេស A មាន​ចំនួន ៤២៤នាក់។ និទ្ទេស B មាន​ចំនួន ២,៤៦៤នាក់ និទ្ទេស C មាន​ចំនួន ៥,០០០នាក់ និទ្ទេស D មាន​ចំនួន ៩,១២៣នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦,៦៥៧នាក់។

ឆ្នាំ២០១៨៖ បេក្ខជនប្រលងជាប់បាក់ឌុបមានចំនួន ៧៦,០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ នៃបេក្ខជនចូលរួមប្រលងសរុប ១១៧,០៦១នាក់។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់។ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕