​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សម្រេចផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់​កាកបាទក្រហមកម្ពុជា​ ជូន​គ្រួសារយុទ្ធជន​ និងអតីតយុទ្ធជនពិការ​ចំនួន​ ១១គ្រួសារ​ រស់នៅលេី​ដីសម្បទាន​ ខេត្តឧត្តរមានជ័យ
| ព័ត៌មានជាតិ
SHARE

(ឧត្តរមានជ័យ)​ ៖​ នៅថ្ងៃសុក្រ​ ទី​ ១៦​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានសម្រេចផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​របស់​កាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារ​យុទ្ធជន​ និងអតីតយុទ្ធជនពិការ​ចំនួន​ ១១គ្រួសារ​ (គ្រួសារ​នីមួយៗទទួលថវិកា​ ១លានរៀល)​ រស់នៅលេីដីសម្បទាន​ ក្នុងចំណុចអូរអំបិល​ ភូមិ​អូរអំបិល ឃុំ​អន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​ ដេីម្បី​ប្រកបមុខរបរ​បង្កបង្កេីនផល​ ប្រកបអាជីវកម្ម​ខ្នាតតូច​ និងចិញ្ចឹមសត្វ។​ បន្ថែមពីនេះ​ គ្រួសារនីមួយៗនៅទទួលបាន​ កង់​ ១គ្រឿង​ សម្ភារសិក្សាមួយចំនួន​ សម្រាប់កូនៗបានសិក្សារៀនសូត្រទៀតផង។ 


ក្នុងឱកាសចុះសួរសុខទុក្ខនិងផ្តល់ប្រាក់កម្ចីនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅ​ និងសុខុមាលភាព​របស់ប្រជាពលរដ្ឋ​ ការថែទាំសុខភាព​ អនាម័យ​ ពិសាទឹកដាំឆ្អិន​ និងរស់នៅក្នុងបរិស្ថានស្អាត​ ជាពិសេសលេីក​ទឹកចិត្ត​ដល់គ្រួសារយុទ្ធជន​ទាំងអស់​ឱ្យបន្ត​ខិតខំពង្រីកមុខរបរ​ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសេីរឡេីង។ ជាមួយគ្នានេះ​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តាំផ្ញេីនូវការកោតសរសេីរ​ដល់​ យុទ្ធជនជួរមុខទាំងអស់​ដែលបាន​លះបង់ពេលវេលា​ក្នុងការរស់នៅជួបជុំក្រុមគ្រួសារ​ទៅបម្រេីជាតិ​មាតុភូមិ​ រីឯភរិយា​រស់នៅផ្ទះខិតខំ​ប្រកបរបរ​ និងពង្រីកមុខរបរ​ចិញ្ចឹមកូនដេីម្បីអនាគតរុងរឿង។ ទន្ទឹមនឹងនេះ​ សូមផ្តាំផ្ញេីដល់​ក្មួយៗចៅៗទាំងអស់​ ត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពង់ខ្ពស់​ មានសមត្ថភាព​អាចបំពេញការងារ​បានល្អក្នុងសង្គម​ មានអនាគតភ្លឺស្វាង​ និងជួយដល់ជីវភាព​គ្រួសារ។ 


គ្រួសារយុទ្ធជនទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរពីសុខទុក្ខ​ និងការរស់នៅរបស់​ប្រជាពលរដ្ឋ​ និងសូមខិតខំប្រកបរបរចិញ្ចឹមជីវិត​ ដេីម្បីរួមចំណែក​ជំរុញកំណេីនសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ដែលមានសុខសន្តិភាព​ ស្ថិរភាព​ និងអភិវឌ្ឍនភាព​ ជាពិសេសក្នុងភូមិថ្មីនេះ​ ដែលនឹងក្លាយជាសហគមន៍ដែល​មានការអភិវឌ្ឍគ្រប់ផ្នែកនាពេលខាងមុខ។ 


សូមបញ្ជាក់ថា​ សម្រាប់ខេត្តឧត្តរមានជ័យ​ ចាប់តាំងពីឆ្នាំ២០០៥​ ដល់ឆ្នាំ២០១៩នេះ​ កាក​បាទក្រហមកម្ពុជា​ បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន​ ៥៤៤គ្រួសារ​ (ក្នុងនោះ​ គ្រួសារពិការ​ ៩៧គ្រួសារ)​ ដែលរស់នៅស្រុកអន្លង់វែង​ ក្រុងសំរោង​ និងស្រុកបន្ទាយអំពិល​ ដែល​ប្រាក់កម្ចីនេះ​ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់​ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ និងបង្កេីនជីវភាពរស់នៅឱ្យល្អប្រសេីរ​ឡេីង​ តាមរយៈការប្រកបរបរដាំដំណាំ​ ចិញ្ចឹមសត្វ​ លក់គ្រឿងទេស​ កាត់ដេរ​ អ៊ុតសក់​ ជួសជុលកង់ម៉ូតូ។ល។ 


បច្ចុប្បន្ននេះ​ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​កាកបាទក្រហមកម្ពុជា​ បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន​ ១២​ ក្នុងខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ពោធិ៍សាត់​ និងខេត្តកណ្តាល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation