កម្ពុជាស្ថិតនៅក្នុងចំណោម៧ប្រទេស លើពិភពលោកដែលបានសម្រេចគោលដៅរួចហើយ ក្នុងគោលដៅ៩០{៣ដង}ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តមអៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ថាប្រទេសកម្ពុជាយើងកំពុងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ហើយប្រទេសកម្ពុជាគឺស្ថិតនៅក្នុងចំណោម៧ប្រទេសដែលបានសម្រេចគោលដៅរួចហើយក្នុងគោលដៅ៩០{៣ដង} ក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺអេដស៍។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងអ្នកផ្ទុកមេរោគអេដស៍គឺបានទៅទទួលសេវាព្យាបាលបានជាង៩៨%ផងដែរ។ ការបញ្ជាក់ខាងលើនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានបើកនិងបិទកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ចាមប្រចាំឆមាសទី២ឆ្នាំ២០១៩ ព្រមទាំងពិនិត្យស្ថានភាពនិងចូលរួមចែកអំណោយរបស់កាកបាទក្រហមសាខាខេត្តកំពង់ចាមទៅដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ចំនួន៤០គ្រួសារផងដែរ ដែលពិធីនេះធ្វើឡើងនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អៀង មូលី បានលើកឡើងថាទៀតថា មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលមានលោកវេជ្ជបណ្ឌិត គីម សួរភីរុណជាប្រធានគឺបានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការផ្តល់សេវាសុខាភិបាល ហើយឯកឧត្តមក៏បានជម្រុញ និងលើកទឹកចិត្តទៅដល់មន្ទីរសុខាភិបាលខេត្តបន្តយកចិត្តទុកដាក់តាមរយះការណែនាំរបស់ក្រសូងសុខាភិបាល និងបន្តសហការជាមួយមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងត្រូវសិក្សាឲ្យបានច្បាស់ចំពោះអ្នកឆ្លងមេរោគអេដស៍ថ្មី និងលើការងារពហុវិស័យដើម្បីសម្រេចឲ្យបាននូវគោលដៅ៩៥{៣ដង}ក្នុងឆ្នាំ២០២៥នៅក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធនឹងជំងឺអេដស៍។

ឆ្លៀតក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានលេខាដ្ឋាន និងលោក ហាន កុសល ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ចាមក៏បានធ្វើការបង្ហាញនៃមុខរបរប្រឈមនឹងការឆ្លងមេរោគអេដស៍នៅតាមសេវាកម្សាន្តនានា ការអប់រំទៅលើក្រុមបុរសរួមភេទជាមួយបុរសនិងអ្នកកែភេទ រួមទាំងការគាំទ្រលើគម្រោងថែទាំ ព្យាបាលលើអ្នកជំងឺអេដស៍ជាដើម។ ហើយប្រធានលេខាដ្ឋាន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក៏បានលើកជាទិសដៅបន្ត និងធ្វើផែនការសកម្មភាពដាក់បញ្ចូលទៅផែនការប្រចាំឆ្នាំរបស់មន្ទីរសុខាភិបាលខេត្តដើម្បីដំណើរការកម្មវិធីដោយថវិកាជាតិ លើសកម្មភាពខ្លះ ហើយខិតខំបង្កើនការស្រាវជ្រាវរកអ្នកផ្ទុកមេរោគអេដស៍ទៅតាមលទ្ធភាព ពង្រឹងសមត្ថភាពនិងគុណភាពនៃការធ្វើតេស្តឈាម លុបបំបាត់ការរើសអើង មាក់ងាយលើអ្នកជំងឺអេដស៍ និងបន្តសហការល្អជាមួយអង្គការដៃគូនិងអជ្ញាធរពាក់ព័ន្ធ។ គួរបញ្ជាក់ថាក្រោយពីកិច្ចប្រជុំខាងលើនិងចូលរួមចែកអំណោយកាកបាតក្រហមកម្ពុជាសាខាខេត្តកំពង់ចាមជូនដល់គ្រួសារផ្ទុកមេរោគអេដស៍ខាងលើឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានផ្តាំផ្ញើរជូនបងប្អូនក្នុងការថែរក្សាសុខភាពឲ្យបានរឹងមាំ និងមកទទួលសេវាពិនិត្យសុខភាពឲ្យបានទៀងទាត់ ទៅតាមការណាត់ និងណែនាំរបស់គ្រូពេទ្យ និងជៀសវាងការចម្លងមេរោគអេដស៍ទៅអ្នកដទៃ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation