កំពង់ស្វយ័តភ្នំពេញ និងកំពង់ផែ​ឡុងប៊ិច សហរដ្ឋអាម៉េរិក ព្រមព្រៀងគ្នា ក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមក នូវព័ត៌មាន និងមន្ត្រីជំនាញ
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់ CNC ឲ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នា ក្នុងការផ្លាស់ប្តូរព័ត៌មាន, គាំទ្រគ្នា និងផ្លាស់ប្តូរទស្សនកិច្ចសិក្សា នៃមន្ត្រីជំនាញរវាងគ្នាទៅវិញទៅមក។

​ការព្រមព្រៀងគ្នានេះ បានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរ ​មាន​ជំនួបមួយជាមួយគ្នា នៅក្នុងឱកាសដែល ប្រតិភូទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាម៉េរិក ដឹកនាំដោយឯកឧត្តម រ៉ូប៊ីត ហ្គាសៀរ (Robert Garcia) អភិបាលក្រុងឡុងប៊ិច និងលោកស្រី បុន្នី ឡូវីនតល់ (Bonnie Lowenthal) អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាជិកគណៈកម្មការកំពង់ផែ សហរដ្ឋអាម៉េរិក បាន​បំពេញទស្សនកិច្ច នៅចំណតកំពង់ផែកុងទីន័រថ្មី LM17 នៃកំពង់ផែស្វយ័តភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករានេះ។

ឯកឧត្តម ហ៊ី បាវី រំពឹងថា តាមរយៈនៃការព្រមព្រៀងគ្នានេះ នឹងធ្វើកំពង់ផែទាំងពីរ (ភ្នំពេញ-ឡុងប៊ិច) បន្តការអភិវឌ្ឍ ជាពិសេសការជួយគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យ​ដំណើរការ លើកដាក់ទំនិញ កាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ប្រធានកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់ឲ្យដឹងដែរថា បច្ចុប្បន្ន ចំណតកំពង់ផែកុងតឺន័រថ្មី LM17 នៃកំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ​មានសមត្ថភាព អាចមានបរិមាណកុងតឺន័រឆ្លងកាត់ រហូតដល់៣០ម៉ឺនកុងតឺន័រ ក្នុងមួយឆ្នាំ​ ហើយនៅឆ្នាំ២០២០ កំពង់ផែនឹងពង្រឹងបន្ថែមទៀត ដែលអាចមានសមត្ថភាព ផ្ទុកកុងតឺន័រឆ្លងកាត់ រហូតដល់៥០ម៉ឺនកុងតឺន័រ ក្នុងមួយឆ្នាំ។

គួរជម្រាបថា កំណើនកុងតឺន័រឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ ជាមធ្យមប្រចាំឆ្នាំ មាន១៤,៤ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៣-២០១៧៕( អត្ថបទ ៖ សន ពិសិដ្ឋ ​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation