ថវិកា៥០០លានដុល្លារគ្រោងចំណាយសម្រាប់ការស្តារកំណាត់ផ្លូវជាតិលេខ៥ ធ្លាម្អម-បាត់ដំបង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង)ប្រវែងសរុប១១០,៩០គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ សរុបចំនួន ២៤៣,៧៤លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ជាមួយក្រុមហ៊ុនILSUNG-CIENCOI, ក្រុមហ៊ុនOBAYASHI Corporation និងក្រុមហ៊ុនTEKKEN-IKEE Joint Venture នៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ក្រោមកម្ចី ឥណទានសម្បទាន និងជំនួយបច្ចេកទេស របស់រដ្ឋាភិបាលភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវដ៏សំខាន់នេះ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរ ឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានគូសថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោម កម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ គ្រោង ចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបាន បែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ មានប្រវែងសរុប ១១០,៩០គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លង ទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំ កណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន២៤៣,៧៤លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤២ខែ។

រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាច បង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនម៉ៅការសាងសង់ដាក់ផ្លាកសញ្ញាសុវត្ថិ ភាពឱ្យបានត្រឹមត្រូវ នៅតាមការដ្ឋានសាងសង់ផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ ចំពោះអ្នកធ្វើដំណើរ និងបានសំណូមឱ្យ ក្រុមហ៊ុនទាំងបីដែលរួមមាន ក្រុមហ៊ុនILSUNG-CIENCOI, ក្រុមហ៊ុនOBAYASHI Corporation និងក្រុមហ៊ុនTEKKEN-IKEE Joint Venture ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងក្រុមហ៊ុនប្រឹក្សាយោបល់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាព និងសុវត្ថិភាពនៃការសាងសង់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation