រដ្ឋមន្ត្រីប្រាប់ឲ្យប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរីថ្មីត្រូវលើកកម្ពស់ និង​បញ្ជ្រាប​សមភាព​យេនឌ័រ ការផ្ដល់ និង​ពង្រឹង​សិទ្ធិ​អំណាច​ស្ដ្រី
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នាព្រឹកក​ ត្រូវ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩នេះ នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរីមាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត ក្រោម​អធិបតីភាព​ជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិង ថង សាវុនអភិបាល នៃ​គណៈ​អភិបាលខេត្ត​ រតនគិរី។

​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ជំទាវរដ្ឋលេខាធិការ និង​លោក លោកស្រី​ថ្នាក់ដឹកនាំ ក្រសួង​កិច្ចការនារី លោកស្រី​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​សាលាដំបូង​ខេត្ត តំណាង​ព្រះរាជអាជ្ញា​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

មានប្រសាសន៍​ក្នុងឱកាស​នេះឯកឧត្តម អភិបាលខេត្ត និងលោកជំទាវរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោកស្រី ចក់ មើល ជា​ប្រធាន​មន្ទីរ កិច្ចការនារីខេត្តរតនគិរីកន្លងមក បាន​យកចិត្តទុកដាក់​ដឹកនាំ​អនុវត្ត​ការងារ​តាម​តួនាទី ភារកិច្ច ប្រកប​ដោយ​ការសហការ និង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង នាំឲ្យ​ការអនុវត្ត​ការងារ​កិច្ចការនារី​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ចូលរួមចំណែក​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​លើកកម្ពស់​សមភាព​យេនឌ័រ ការថែទាំ​សុខភាព​ស្រី្ត និង​កុមារ ជាពិសេស​ការជួយ​ពង្រឹង​សមត្ថភាព​ស្ត្រី ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ទាំង​ក្នុង​ការងារ​សេដ្ឋកិច្ច និង​ការសម្រេចចិត្ត​នានា ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

ជាមួយនេះឯកឧត្តម ថង សាវុននិងលោកជំទាវ អឹង កន្ថាផាវី ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោក​ស្រី វ៉ាត់ អៀងហេង ប្រធាន​មន្ទីរកិច្ចការនារីខេត្តរតនគិរីដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ត្រូវ​បន្ត​បេសកកម្ម​ដឹកនាំ​អនុវត្ត​ការងារ​កិច្ចការ​នារី​ក្នុង​ខេត្ត ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត ជាពិសេស​ស​ក្នុង​ការលើកកម្ពស់ និង​បញ្ជ្រាប​សមភាព​យេនឌ័រ ការផ្ដល់ និង​ពង្រឹង​សិទ្ធិ​អំណាច​ស្ដ្រី ការការពារ និង​ការផ្ដល់​សេវា​អប់រំ​សុខភាព រួម​ទាំង​ការងារ​ជាច្រើន​ទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្ត្រី កុមារ ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ត្រូវ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដើម្បី​ធានា​និរន្ត​ភាព​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ឲ្យបាន​ល្អ​ប្រសើរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ត្រូវ​មាន​ការសហការ​ល្អ​ជា​មួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព​នានា ក្នុង​ការរួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន ៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation