ស្ពានបេតុងខ្សែកាប ភ្ជាប់តំបន់ឫស្សីកែវនិងតំបន់អភិវឌ្ឍជ្រោយចង្វារ នឹងលេចរូបរាងនៅពេលឆាប់ៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា បន្ទាប់ពីស្ពានបាឡេឫស្សីកែវដែលជាស្ពាន សម្រាប់ប្រើប្រាស់បណ្តោះអាសន្នត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៨កន្លងទៅនោះ ឥឡូវនេះ ក្រុមហ៊ុនបានចាប់ផ្តើម ដំណើរការសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបហើយ។ ស្ពានបេតុងខ្សែកាបដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងតំបន់ឫស្សីកែវ ឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ផ្លូវជាតិលេខ៦នេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបនេះនឹងចំណាយ ថវិកាសាងសង់ ៣៥លានដុល្លារសហរដ្ឋអាមេរិក ជាស្ពានទំហំធំ អាចបើកបរបាន៣គន្លងទៅ និង៣គន្លងមក។អ្នកឧកញ៉ា ពុង ឃាវសែ បានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការ ជាមួយនឹងអាជ្ញាធរខណ្ឌឫស្សីកែវ និងសាលារាជធានីភ្នំពេញ ដោយបានដោះស្រាយ ជាមួយនឹងគ្រួសារ ដែលរងការប៉ះពាល់ អស់មួយចំនួនហើយ។ បើតាមការគ្រោងទុក មិនយូរប៉ុន្មានទៀតនោះទេ ស្ពានថ្មីនឹងកសាងឡើង ឲ្យតែគ្រួសារ ដែលប៉ះពាល់ចូលរួមសហការ។ ហើយស្ពាននេះ គ្រោង ប្រើពេលសាងសង់ ២៨ខែ។

ការបញ្ជាក់បែបនេះ ត្រូវបានអ្នកឧកញ៉ា ធ្វើឡើងនៅក្នុងឱកាស អញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្ម័គ្រចិត្ត ចូលមករស់នៅក្នុងបុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ។

បើតាមរបាយការណ៍ពីមន្ទីរសាធារណការរាជធានីភ្នំពេញបញ្ជាក់ថា ស្ពានបេតុងខ្សែកាបនេះ មានប្រវែងសរុប ៩២២ ម៉ែត្រ មានតួស្ពានប្រវែង ៥០៤ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ ដោយស្ថាបនាផ្លូវ តភ្ជាប់ត្រើយ ខាងលិច(ឫស្សីកែវ)៣០៣ ម៉ែត្រ និងផ្លូវ ភ្ជាប់ត្រើយខាងកើត(ជ្រោយចង្វារ) ១១៥ម៉ែត្រ ។ ស្ពាននេះមានគន្លងផ្លូវបត់ ស្តាំចេញពីស្ពានទំហំ៥ម៉ែត្រ ទាំងសងខាងតួស្ពាន និង គន្លងផ្លូវបត់ឆ្វេងឡើងស្ពានទិសដៅចូលរាជធានីភ្នំពេញនឹង ត្រូវសាង សង់ជា ស្ពានហោះទំហំ៥ម៉ែត្រត្រង់ចំណុច ខាងមុខទីលាន ប្រជាធិបតេយ្យ ។ ស្ពានបេតុងអាមេខ្សែកាបនេះ ជាស្ពានដែលមាន គន្លងធ្វើចរាចរណ៍ចំនួន ២ខ្សែ ទៅមក ដែលយានជំនិះ គ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ នៅលើស្ពានមានគន្លងផ្លូវរត់ ៣,៧៥ម៉ែត្រចំនួន ២សរុប ៧,៥ម៉ែត្រ, ចិញ្ចើមស្ពាន សងខាង សម្រាប់ថ្មើរជើងទំហំ ១,២៥ ម៉ែត្រ និងមានសសរសម្រាប់ព្យួរខ្សែកាបកម្ពស់ ៣៦ ម៉ែត្រ។

សូមរំលឹកថា កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងពិធីបើកបើក ការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាបដំបូងគេ ក្នុងរាជធានីភ្នំពេញមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នេះជាសមិទ្ធផលរួម របស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលរបស់រាជធានីភ្នំពេញ ហើយស្ពាននេះ នឹងជួយរំដោះចរាចរលើផ្លូវជាតិលេខ ៦ និងផ្លូវជាតិ លេខ ៥ និងជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជ ធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានាដែលកំពុងមានកំណើនឥតឈប់ឈរ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីតំបន់ឫស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលនឹងធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែ មានជីវភាពល្អប្រសើរឡើង ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីជាស្ពានមានប្រវែងខ្លី ប៉ុន្តែ ស្ពានបេតុងខ្សែកាបនេះ អាចចាត់ទុកជាស្ពានដែល ធំជាងគេនៅកម្ពុជា ព្រោះមានទទឹងធំ រហូតដល់ជិត ៣០ ម៉ែត្រ ៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation