អភិបាលខេត្តកំពង់ចាម លើកឡើងថា ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ គឺជាអំពើមនុស្សធម៌សុទ្ធសាធ ដែលនេះជាសមិទ្ធផលដ៏ធំធេង និង​ជោគជ័យ ដែលបានកើតពេញពី គណបក្សប្រជាជនកម្ពុជា​
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តម លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាង៤៥០នាក់ បានចុះទៅ​ពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ​ ជាង៦​ពាន់នាក់ ដោយឥតគិតថ្លៃ នៅវិទ្យាល័យកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនមានជ័យ ស្ថិតក្នុងឃុំស្តើង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ កម្មវិធីសប្បុរសធម៌នេះ ​មានការអញ្ជើញជាអធិបតីភាព ​ពីសំណាក់ឯកឧត្តម ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមហ៊ុន ម៉ានី បានមកជួយព្យាបាល ដល់ប្រជាជននៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ ចំនួន២ដងហើយ បើគិតពីប្រជាពលរដ្ឋ ដែលទទួលបានព្យាបាល គឺមានរហូតដល់ជាង១ម៉ឺននាក់ ហើយក្នុងនោះ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានមកធ្វើការព្យាបាល ដោយមិនគិតថ្លៃ ជាច្រើនដងផងដែរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋ ទទួលការព្យាបាល ដោយមិនគិតថ្លៃ រហូតដល់ជាង៥ម៉ឺននាក់ ដោយមិនបានប្រកាន់ លើនិន្នាការនយោបាយអ្វីនោះឡើយ។


ឯកឧត្តម បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាអំពើមនុស្សធម៌សុទ្ធសាធ ដែលនេះ គឺបានបង្ហាញពីសមិទ្ធផលដ៏ធំធេង និងជាជោគជ័យ ដែលបានកើតពេញពី គណបក្សប្រជាជនកម្ពុជា​។ ឯកឧត្តម បន្តថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។


ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបង្ហាញក្តីរីករាយជាពន់ពេក ដែលបានទទួលការពិនិត្យ ព្យាបាលជំងឺ និងអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម លេង ផាលី បានមានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅមានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ​ជំងឺប្រដាប់រំលាយអាហារ​ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ​លើសឈាម ​អេកូសាស្ត្រ និងបញ្ហាជំងឺជាច្រើនទៀត។


ឯកឩត្តម បន្តថា ការព្យាបាលដោយឥតគិតថ្លៃនេះ ធ្វើឡើងមិនថារដូវប្រាំងឬវស្សា ឆ្ងាយឬជិត​ ពោលគឺព្យាបាល ជូនប្រជាពលរដ្ឋ មិនខ្លាចពីភាពនឿយហត់ ដើម្បីចូលរួមចំណែក ឲ្យប្រជាពលរដ្ឋមានសុខភាពល្អ។


សូមជម្រាបថា នេះជាឆ្នាំទី៧ហើយ ​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាង៤ពាន់២រយនាក់ ​ចុះពិនិត្យនិងព្យាល បាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន១៩៣លើក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation