ព័ត៌មានជាតិ

ប្អូនស្រីបង្កើតសម្តេចតេជោ លើកឡើងថា សុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូរធា និងមានភាពវេលា ធ្វើបុណ្យទានរួមគ្នា

image

ភ្នំពេញ៖ លោកជំទាវមហាឧបាសិកា ហ៊ុន សេងនី ត្រូវជាប្អូនស្រីបង្កើត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយនឹងពុទ្ធបរិស័ទផ្សេងទៀត បានមានប្រសាសន៍ លើកឡើងថា សម្តេចតេជោ បានដឹកនាំប្រទេស ធ្វើឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

បច្ច័យទាំងនេះហើយ ដែលធ្វើឲ្យវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនផងដែរ។ ជាក់ស្តែង គឺពុទ្ធបរិស័ទ មានជីវភាពធូរធារ និងមានពេលវេលា សម្រាប់ការធ្វើបុណ្យដាក់ទានរួមគ្នា នៅទូទាំងប្រទេស។

លោកជំទាវមហាឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ បានប្តេជ្ញានឹងរួមគ្នា ថែរក្សាសុខសន្តិភាព ដែលកំពុងមានបច្ចុប្បន្ននេះ ឲ្យមានជានិរន្តរ៍តរៀងទៅ ដើម្បីឲ្យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន។

ការលើកឡើងរបស់លោកជំទាវ និងពុទ្ធបរិស័ទផ្សេងទៀតនេះ បានធ្វើឡើង នៅក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី និងពិធីសែនក្រុងពាលីលើកជហ្វា ដាក់លើព្រះវិហារវត្តអង្គវៀន ដែលស្ថិតនៅឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

​លោកជំទាវ បានរំលឹកពីប្រវត្តិជូរចត់ នៃព្រះវិហារ ក្នុងវត្តអង្គវៀនផងដែរ។ លោកជំទាវបង្ហាញថា ព្រះវិហារនេះ កសាងឡើង​រយៈពេលជិត៩០ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានធ្វើ ពិធីបញ្ចុះសីមាម្តងណាឡើយ។ ដោយសារបច្ចុប្បន្ន មានសភាពទ្រុឌទ្រោម លោកជំទាវមហាឧបាសិកា និងក្រុមការងារ ក៏សម្រេចជួយជួសជុលឲ្យបានស្អាតឡើងវិញ ដើម្បីប្រារព្ធពិធីបញ្ចុះសីមាឲ្យបាន។

​សូមជម្រាបថា ក្រៅពីនាំយកថវិកា ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវត្តអង្គវៀន, លោកជំទាវ មហាឧបាសិកា ក៏បានចែកជូននូវសម្ភារសិក្សា ដូចជា សៀវភៅ ប៊ិច និងថវិកាមួយចំនួន ដល់សិស្សានុសិស្សផងដែរ ដើម្បីជាការលើកទឹកចិត្ត ឲ្យពួកគាត់ខិតខំប្រឹងប្រែងសិក្សា ក្លាយជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី​