​រាជរដ្ឋាភិបាលកំណត់៣ឆ្នាំទៀត ភូមិទាំងអស់នៅទូទាំងប្រទេស នឹងត្រូវចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធអោយចប់រួចរាល់
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋចំនួន២ ភូមិប្រមាណជិត៥០០នាក់ រួមមានភូមិជ្រី សង្កាត់យក្ខឡោមនិងភូមិអូរកន្តិល សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីលោក ទឹម មុន្នីរ័ត្នអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យថា៣ឆ្នាំទៀត(២០១៩-២០២១)គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសនឹងត្រូវចុះបញ្ជីក្បាលដីបានរួចរាល់។​ការលើកឡើងរបស់អនុប្រធានមន្ទីររូបនេះក្នុងពិធីប្រកាសកំណត់យកជាតំបន់ការវិនិច្ឆ័យ ដើម្បីធ្វើការវាស់វែង សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងចេញជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងភូមិទាំង២ខាងលើ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។       

លោកបន្តថា  ការប្រកាសយកតំបន់នេះធ្វើការវិនិច្ឆ័យគឺដោយសារតែប្រជាពលរដ្ឋមិនទាន់មានប័ណ្ណកម្មសិទ្ធិប្រើប្រាស់បានត្រឹមត្រូវស្របតាមច្បាប់នៅឡើយ ។ហើយបន្ទាប់ពីការចុះបញ្ជីដីធ្លីនេះរួចរាល់ប្រជាពលរដ្ឋនិងមានភាពងាយស្រួលប្រើប្រាស់ ព្រមទាំងបង្កបង្កើនផលលើដីដែលខ្លួនកាន់កាប់បានដោយមិនភ័យខ្លាចមានការរំលោភបំពានពីអ្នកណាម្នាក់ឡើយ។

ហើយការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនេះប្រជាពលរដ្ឋជាម្ចាស់កាន់កាប់ដីត្រូវមានឯកសារពាក់ព័ន្ធដែលមានលាយលក្ខណ៍ជាអក្សរួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សំបុត្រកិច្ចសន្យា បណ្តាំមរតក  ឬសាលក្រមពីតុលាការ។    

លោកបន្ថែមថា ប្រជាពលរដ្ឋមិនចាំបាចភ័យខ្លាចថាក្រុមការងារជំនាញវាស់វែងធ្វើបាត់បង់ដីរបស់បងប្អូនឡើយ ព្រោះឧបករណ៍សម្រាប់ធ្វើការវាស់វែងនេះជាឧបករណ៍ទំនើបនិងមានភាពសុក្រិតបំផុត។

មានប្រសាសន៍ក្នុងឱកាសផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដីមានលក្ខណៈជាប្រព័ន្ធ នេះ លោក ហោ ឆែល អភិបាលរងក្រុងបានលុងបានលើកឡើងថា ពាក់ព័ន្ធនិងកម្មសិទ្ធិដីធ្លីនេះ ប្រជាពលរដ្ឋភាគច្រើនមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លីកាន់កាប់ឲ្យស្របច្បាប់នៅឡើយទេ ដោយបានកាន់កាប់នៅលើដីលំនៅស្ថាន ដីកសិកម្មបន្តបន្ទាប់តពីមតកដូនតារបស់ខ្លួន ដែលទាំងនេះអាចងាយបង្កជាជម្លោះឬមានការរំលោភបំពានដីធ្លីផ្សេងៗ។       

លោកបន្ថែមថាការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះនិងផ្តល់នូវសុវត្តិភាពយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធិដោយមិនខ្លាចបាត់បង់ ឬមានការរំលោភបំពានពីអ្នកណាម្នាក់ឡើយ ។

លោកអភិបាលរងក្រុងបានសុំឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីចុះធ្វើការវាស់វែងដីរបស់ខ្លួន ដើម្បីឲ្យដំណើរការវាស់វែងនិងចុះបញ្ជីដីទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation