ថៃបិទច្រកទ្វារព្រំដែនជាង១ម៉ោង ដោយការប៉ះទង្គិចគ្នារវាងក្រុមទាហានថៃនិងអាជីវករខ្មែរក្នុងផ្សារហាតឡិក ស្រុកខ្លងយ៉ៃ
| ព័ត៌មានជាតិ
SHARE

​កោះកុង៖ ក្រសួងពាណិជ្ជកម្មថៃ សហការជាមួយទាហានជើងគោកថៃ ចុះចាប់ទំនិញរំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរនៅផ្សារហាតឡិក ធ្វើឲ្យមានការបិទច្រកទ្វារព្រំដែនអស់រយៈពេលជាង១ម៉ោង
កាលពីនៅវេលាម៉ោងប្រមាណជាង៨ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។

ហេតុការណ៍ដែលឈានដល់មានការបិទច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរនេះបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមការងារក្រសួងពាណិជ្ជកម្មថៃនិងទាហានជើងគោករបស់ពួកគេបាននាំគ្នាចុះមកធ្វើការចាប់ទំនិញដែលក្រុមអាជីករខ្មែរបានលក់រំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ថៃ។

លោក ង៉ុយ ជាង នាយប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិចាំយាម បានឲ្យដឹងថា ក្រុមការងារក្រសួងពាណិជ្ជកម្ម សហការ ជាមួយក្រុមទាហានថៃបានចុះមកធ្វើការចាប់ក្រុមអាជីវករណាដែលលក់ទំនិញរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញារបស់គេ ដែលមុខទំនិញទាំងនោះមានដូចជា បារី ស្រា នៅក្នុងឃុំហាតឡិក (ថៃ) តែក្នុងការចុះចាប់នេះត្រូវបានលោកមេឃុំហាតឡិក(ថៃ) ធ្វើការរារាំងមិនឲ្យចាប់ជាហេតុធ្វើឲ្យពលរដ្ឋយើងមានឱកាសក្នុងការជញ្ជូនទំនិញទាំងនោះចូលមកដល់ប្រទេសខ្មែរដោយសុវត្ថិភាព ដោយពុំមានការខាតបង់នោះទេ ដោយឃើញសភាពការណ៍បែបនេះ ទាហានថៃក៏បានសម្រេចចិត្តធ្វើការបិទទ្វារព្រំដែនជាបណ្តោះអាសន្នដើម្បីកុំឲ្យមានការចលាចលកើតឡើង។

ប្រភពខាងលើបានបន្តថា បន្ទាប់ពីមានការបិទទ្វារព្រំដែន(កម្ពុជា ថៃ) ខាងភាគីកម្ពុជាបានចូលទៅធ្វើការពិភាក្សាគ្នារហូតដល់ម៉ោង១០:១០នាទីនាព្រឹកថ្ងៃដដែលដើម្បីសម្របសម្រួលឲ្យមានការបើកច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានដំណើរការចេញ ចូលជាធម្មតាវិញ ហើយចំពោះទំនិញរបស់ក្រុមអាជីវករត្រូវបានប្រគល់ជូនទៅគាត់វិញអស់ហើយ។

ជាមួយគ្នានេះដែរក្រុមអាជីវករក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារកម្ពុជាដែលបានចុះទៅជួយអន្តរាគមន៍ជួយដល់ពួកគាត់ដល់ក្នុងទឹកដីថៃ ប៉ុន្តែពួកគាត់ក៏នៅតែមានសំណូមពរខ្លះៗដើម្បីស្នើឲ្យខាងអាជ្ញាធរកម្ពុជាមេត្តាជួយសម្រួលឲ្យទំនិញយើងបានចេញចូលថៃឲ្យបានស្រួលដូចទំនិញថៃដែលចូលមកកម្ពុជាព្រោះរាល់ថ្ងៃឃើញថាការនាំទំនិញគ្រប់ប្រភេទពីកម្ពុជាចេញទៅប្រទេសថៃវាហាក់ដូចជាមានការពិបាកខ្លាំងណាស់។

ឆ្លើយតបនឹងការសំណូមពរបស់ពលរដ្ឋលោក សុវណ្ណ ប៉ុនធឿន ប្រធានច្រកទ្វារអន្តរជាតិចាំយាមបានថ្លែងថាលោកនឹងពាំនាំនូវការសំណូមពរទាំងនេះជូនទៅដល់ថ្នាក់ដឹកនាំខេត្តដើម្បីប្រជុំពិភាក្សាជាមួយភាគីថៃដើម្បីរកដំណោះស្រាយ៕
អត្ថបទ៖ តាំង ស៊ុននី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation