សភាពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប-អន្តរជាតិ រួមនឹងក្រុមធុរជនក្នុងវិស័យឯកជនដាក់ញត្តិតវ៉ាទាក់ទងនឹងEBA
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអន្តរជាតិនិងធុរជនក្នុងវិស័យឯកជន បានរួមគ្នាដាក់ញត្តិតវ៉ា ជូនលោកស្រី Cecilia Malmström ប្រធានគណៈកម្មាធិការអឺរ៉ុប និងតវ៉ាទៅកាន់សភាអឺរ៉ុប ដើម្បីបន្ថយល្បឿនបញ្ហា EBA។

នៅក្នុងញត្តិតវ៉ាដែលCNC ទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក៏មានចុះហត្ថលេខាដោយតំណាងសភាពាណិជ្ជកម្ម និងវិស័យឯកជនជាច្រើន រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ជាដើម។ ញត្តិតវ៉ារួមគ្នាដែលដាក់ជូនលោកស្រី Cecilia Malmström ប្រធានគណៈកម្មាធិការអឺរ៉ុប ក៏មានចម្លងជូនប្រតិភូអឺរ៉ុប ដែលពាក់ព័ន្ធផងដែរ ដើម្បីមានជាមូលដ្ឋានតវ៉ាបន្តទៅកាន់សភាអឺរ៉ុប។

ក្នុងញតិ្តតវ៉ា បានសង្កត់ធ្ងន់ថា៖ «ការព្យាយាមដកហូតការអនុគ្រោះពន្ធពីកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ជីវភាពប្រជាជនកម្ពុជា ដែលកន្លងមក មានអត្ថប្រយោជន៍ពី EBA ដោយផ្ទាល់ និងដោយមិនផ្ទាល់ ជាពិសេសទៅលើកម្មករ និងទៅលើសាច់ញត្តិ របស់កម្មករ, ប៉ះពាល់លើវិស័យដឹកជញ្ជូន, ប៉ះពាល់ទៅលើអ្នកជួលផ្ទះជាដើម ហើយបញ្ហានេះ ក៏ប៉ះពាល់ទៅដល់ទីផ្សារអឺរ៉ុប ដូចគ្នាផងដែរ»។

ញត្តិតវ៉ាបានគូសបញ្ជាក់ថា៖ វិធានការលើ EBA ក៏នឹងបង្កឲ្យលែងមានការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំ ប្រឹងប្រែងយ៉ាង ធំធេងកន្លងមក ក្នុងការអនុវត្ត ឲ្យបានត្រឹមត្រូវតាមបទដ្ឋាននៃការធ្វើពាណិជ្ជកម្ម ដែលស្របតាមគោលនយោបាយ និង តម្លៃជាគំរូនៅក្នុងសេដ្ឋកិច្ច ដែលបានគាំទ្រកន្លងមកដោយសហភាពអឺរ៉ុបផងដែរ។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា មានលទ្ធភាពក្នុងការលើកកម្ពស់ខ្លួនឯងឲ្យចេញពីវិបត្តិមនុស្សធម៌ និងវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជា មានសមត្ថភាពប្រែក្លាយខ្លួនជាប្រទេសនាំមុខគេលើកំណើនសេដ្ឋកិច្ច និងកំណើនផលិតផល ក្នុងស្រុកសរុប (GDP) និងបានរួមចំណែកដ៏មានគុណសម្បត្តិបម្រើដល់ទីផ្សារពិភពលោកយ៉ាងសកម្ម ដោយសារ មានការគាំទ្រ ពីដៃគូពហុភាគី និងការទទួលបានការអនុគ្រោះលើពន្ធនាំចេញ។ គ្រាន់តែលើការរីកចម្រើន លើវិស័យកាត់ដេរតែមួយ គត់នៅកម្ពុជា គឺបានអនុញ្ញាតឲ្យមានការអនុម័តអនុសញ្ញាអន្តរជាតិស្តីពី សិទ្ធិមនុស្ស សិទ្ធិការងារ និងការធ្វើកំណែទម្រង់លើ បរិយាកាសការងារជាទូទៅដែលបានផ្តល់ជាសារៈប្រយោជន៍ធំធេងដល់ប្រជាជនកម្ពុជាទាំងមូល។

វិស័យឯកជនកម្ពុជានិងអឺរ៉ុបរួមគ្នាសម្តែងជំនឿជឿជាក់ថា៖ ការឈានទៅដកហូតការអនុគ្រោះពន្ធនេះ នឹងធ្វើឲ្យមានផល ប៉ះពាល់យូរអង្វែងលើទំនាក់ទំនងរវាង សហភាពអឺរ៉ុប និងកម្ពុជា ពីព្រោះការសម្រេចចិត្តនេះ នឹងបង្ហាញនូវទីបញ្ចប់ នៃកិច្ចសហការ និងការសន្ទនាដោយបើកចំហ ដែលវប្បធម៌នេះមានគុណសម្បត្តិ ធ្វើឲ្យមានការរីកចម្រើនយ៉ាងធំធេង នៅរយៈពេល២០ឆ្នាំមកហើយ។ ញត្តិគូសបញ្ជាក់ថា៖ «យើងស្នើសុំដល់ គណៈកម្មាធិការអឺរ៉ុប ឲ្យពិនិត្យឡើងវិញនូវជំហាន ណាមួយ ដោយត្រូវគិតជាមុនសិន អំពីបរិបទប្រវត្តិសាស្ត្រដ៏លំបាករបស់ប្រទេសកម្ពុជា»។

តាងនាមជាតំណាងនៃសេដ្ឋកិច្ចកម្ពុជា ហត្ថលេខីទាំងអស់នៅក្នុងញត្តិបានលើកឡើងថា៖ «យើងខ្ញុំនៅតែបន្ដប្តេជ្ញា គោរព ខ្ជាន់ខ្ជួនពីតម្លៃនៃសេរីភាពនៃការបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ និងខិតខំបន្តកែលម្អនានា ហេតុដូច្នេះហើយ យើងខ្ញុំសូមអំពាវ នាវដល់ គណៈកម្មាធិការអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប មេត្តាបន្តផ្តល់ការគាំទ្ររបស់ខ្លួនឥតឈប់ចំពោះ ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ដោយបន្តភាពជាដៃគូសន្ទនាជាលក្ខណៈស្ថាបនា និងបន្តសកម្មភាពកិច្ចសហ ប្រតិបត្តិការបន្តទៀតជាមួយ​រាជរដ្ឋាភិបាលកម្ពុជា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានការចុះអនុស្សរណៈយោគយល់គ្នា MOU រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចនៅកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation