អ្វីទៅ ជាផ្លូវល្បឿនលឿន ឫ Expressway ?
| ព័ត៌មានជាតិ
SHARE

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏មានសារៈ សំខាន់ សម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជាព្រោះ ផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់។

ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នាឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។

យោងតាមគេហទំព័រផ្លូវការរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា គោលបំណងនៃការសាងសង់ផ្លូវល្បឿនលឿន នៅកម្ពុជាគឺដើម្បី ៖
សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ៖ ជួយតភា្ជប់បណ្តាញ ដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅ តាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។

បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាពផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តា ខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។

ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗ បម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។
ដូចយើងដឹងស្រាប់ហើយ គម្រោងផ្លូវល្បឿនលឿនអាទិភាពសម្រាប់កម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway) និង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)។

រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវល្បឿនលឿន នឹងជួយសម្រួលដល់ការធ្វើដំណើរទៅមកពីភ្នំពេញ-និងបណ្តាខេត្តដែលជាប់ផ្លូវទាំងនោះ ក្នុងរយៈពេលខ្លី និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានផលចំណេញមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ និងភ្នំពេញ-បាវិត។

បើតាមការបញ្ជាក់របស់ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ធ្លាប់បានថ្លែងថា ចង់អភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយរាជរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើវិស័យនេះ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យរាជរដ្ឋាភិបាលពន្លឿនការវិនិយោគលើវិស័យនេះបន្ថែមទៀត ព្រោះបញ្ហាប្រឈមរបស់កម្ពុជាបច្ចុប្បន្ន គឺការដឹកជញ្ជូននៅមានតម្លៃខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់។

បើតាមក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation CRBC)ហៅកាត់ថាCRBC របស់សាធារណរដ្ឋប្រជាមានិតចិន ដែលទទួលសាងសង់ផ្លូវល្បឿនលឿន(Expressway )ដំបូងគេនៅកម្ពុជា បានបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ខេត្តព្រះសីហនុគ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នលចិន ចូលជួបសំដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯទីក្រុងប៉េកាំង កំលុងពេលដែលសម្តេច កំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីនៅទីនោះ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

ប្រធានក្រុមហ៊ុនCRBC បានរាយការណ៍ជូនសម្តេចតេជោថា កន្លងមកក្រុមហ៊ុនបានរួមចំណែកសាងសង់ផ្លូវនិងស្ពាន ជាច្រើន ក្នុងប្រទេសកម្ពុជា ហើយសម្រាប់ពេលខាងមុខ ស្របពេលក្រុមហ៊ុនរបស់ខ្លួននឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ-ខេត្តព្រះសីហនុនោះ ក្រុមហ៊ុនក៏មានគម្រោងថ្មីមួយទៀត ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលឆ្ពោះ ទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះក្រុមហ៊ុនមួយនេះ នឹងធ្វើការស្ថាបនាផ្លូវលេខ១៥-៥១ ដែលផ្លូវនេះ តភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង។

នៅក្នុងជំនួបនោះ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុន បើកការដ្ឋានសាងសង់ឲ្យបានឆាប់ នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលយើងបានធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់មកហើយនោះ ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នលចិន ត្រូវសិក្សាជាបន្ទាន់ ដើម្បីសាងសង់ផ្លូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ជាមួយនឹងផ្លូវល្បឿនលឿនខាងលើនេះ។ ដោយឡែកសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្តេចតេជោ បានណែនាំ ឱ្យក្រុមហ៊ុននេះ ត្រូវតែសិក្សានិងជជែកគ្នាបន្ថែម ជាមួយស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបានសិក្សារួចមក ហើយខ្លះដែរ នាពេលកន្លងមកនោះ។

សូមជម្រាបថា នៅក្នុងគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនដំបូងគេក្នុង ប្រវត្តិសាស្ត្រ របស់កម្ពុជានេះ ក៏មានភ្ជាប់ជាមួយគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ដែលនឹងត្រូវទទួលសាងសង់ដោយក្រុមហ៊ុនវិនិយោគហួណេងគ្រុប ដែលក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចិនតែមួយដែលបាន វិនិយោគរួមគ្នាជាមួយក្រុមហ៊ុនRoyal Group របស់អ្នកឧកញ៉ាគិត ម៉េង ក្នុងការបង្កើតវារីអគ្គិសនីសេសាន្តក្រោម២ ដែលជាវារី អគ្គីសនីផ្តល់កម្លាំងអនុភាពថាមពលអគ្គិសនីធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន។

បើតាមការបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះឱ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ អាចនឹងបើក ការដ្ឋាន សាងសង់ រវាងចន្លោះ ពីចុងខែកុម្ភៈ ឬក៏ដើមខែមីនា ឆ្នាំ២០១៩ខាងមុខក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោហ៊ុនសែន។ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន អះអាងថា គ្រឿងចក្រដែលមានតម្លៃជាង១០០លានដុល្លារ អាចនឹងមកដល់កម្ពុជា នៅចុងខែ មករានេះ ខណៈដែល អ្នកបច្ចេកទេសនិងវិស្វក ជាង២០០នាក់បានមកដល់កម្ពុជាហើយ។ ដើម្បីត្រៀមសម្រាប់ពិធីបើក ការដ្ឋានសាងសង់នៅចំណុចផ្តើមក្នុងរាជធានីភ្នំពេញ ត្រង់ទីតាំងផ្លូវរថភ្លើងកាត់ផ្លូវទំនប់កប់ស្រូវ។

សូមបញ្ជាក់ថា គម្រោងសាងសង់ ផ្លូវល្បឿនភ្នំពេញ -ព្រះសីហនុ ដែលមានតម្លៃជិត ២ពាន់លានដុល្លារអាមេរិកនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២។ ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនវិនិយោគិនរបស់ចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

គម្រោងផ្លូវល្បឿនលឿននេះ ឆ្លងកាត់ ៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។ ផ្លូវល្បឿនលឿននេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុប១៩០,៦៣គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុង ហើយមានទទឹងសរុប ២៤ម៉ែត្រកន្លះ ក្នុងនោះមានគន្លងផ្លូវរថយន្តសងខាង,ជាយផ្លូវកៅស៊ូសម្រាប់ម៉ូតូ, ជាយផ្លូវដីក្រហមសម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំងមានស្ពាន ៨៩កន្លែង។ ផ្លូវនេះមានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ហើយជាពិសេសផ្លូវនេះមានរបងអមតាមសងខាងផ្លូវ ដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសំឡេងរំខាន រួមនឹងហេដ្ឋារចនា សម្ព័ន្ធសំណង់ សេវាគាំទ្រ ជាច្រើនទៀត។

ដោយឡែក សម្រាប់ គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត វិញ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាពេលថ្មីៗនេះថា រហូតមកដល់ពេលនេះ គឺបានសិក្សារួចរាល់ចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាអស់ប្រមាណ ៣.៨០០លានដុល្លារ។ តាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បង្ហាញថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានចម្ងាយផ្លូវប្រវែង ១៦០គីឡូម៉ែត្រ ហើយនឹងត្រូវចំណាយការសាងសង់សឹងតែទ្វេជាពីរ បើធៀបនឹងផ្លូវល្បឿនលឿនទី១ ដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់ ៨០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម. មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម. និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម.។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation