ក្រោយពិសោធន៍អស់ពេល៣ឆ្នាំ កម្ពុជាទទួលបានជោគជ័យក្នុងការដាំដំឡូងបារាំងនៅក្នុងទឹកដីខេត្តមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ដំណាំដំឡូងបារាំង ជាដំណាំមួយប្រភេទដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយ មហាវិទ្យាល័យកសិកម្មចំការដូង បានធ្វើការពិសោធន៍ដាំដុះរយៈពេល៣ឆ្នាំនៅក្រុងសែនមនោរម្យ។

ជាក់ស្តែង និស្សិតនៃមហាវិទ្យាល័យកសិកម្មចំការដូងចំនួន៤៥នាក់ ដឹកនាំដោយឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ សាកលវិទ្យាល័យចំការដូង និងមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះ ប្រមូលផលដំណាំដំឡូងបារាំង ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

តាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ជាង ហុង ព្រឹទ្ធបុរស នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម បានឱ្យដឹងថា គោលបំណង ដែលដឹកនាំនិស្សិត នៃមហាវិទ្យាល័យកសិកម្មចំការដូង ចុះមកជួយប្រមូលផលដំឡូងបារាំង គឺដើម្បីបង្ហាញដល់និស្សិតឃើញថា ដំឡូងបារាំងអាចដាំដុះបាននៅប្រទេសកម្ពុជា រីឯទិន្នផលខ្ពស់បង្គួរ និងបង្ហាញនូវតម្លៃ និងទុនដាក់ចូលក្នុងការដាំដុះ ដំណាំ ដំឡូងបារាំង ដើម្បីឱ្យដឹងថា ការដាំដំឡូងបារាំង បានទិន្នផលយ៉ាងណា បើប្រៀបនឹងដំណាំដទៃ។

លោកសាស្រ្តាចារ្យ បន្ថែមថា ក្នុងឆ្នាំនេះ បានប្រមូលផលដំឡូងបារាំងមានចំនួន០៦ពូជ ដែលបានរើសពីឆ្នាំកន្លងមក ហើយឆ្នាំនេះជាការពិសោធន៍លើកទី៣ ដែលបានទទួលទិន្នផលគួរសម រីឯទិន្នផលនេះ ខ្ពស់ក៏ពិតមែន តែមិនអាចប្រៀបនឹង បណ្តាប្រទេសមួយចំនួន ជាពិសេស ប្រទេសអ៊ឺរ៉ុប។

សម្រាប់កម្ពុជា ការដាំដំឡូងបារាំង ក្នុង១ហិកតា បានទិន្នផល១៧-២០តោន នឹងលក់បានក្នុង១គីឡូក្រាម ចំនួន៤.០០០រៀល បើក្នុង១ហិកតា បានទិន្នផល១៧តោនយ៉ាងតិច ក៏បានជាង១ម៉ឺនដុល្លាដែរ។ លោក សាស្រ្តាចារ្យ សន្និដ្ឋានថា ការដាំដំឡូងបារាំង នៅខេត្តមណ្ឌលគិរី ពិតជាអាចដាំបាន នេះជាការពិសោធន៍ឆ្នាំទី៣ ថែមទាំងមានបច្ចេកទេសគ្រប់គ្រាន់ មានពូជ ដែលសមស្រប នឹងអាកាសធាតុនៅតំបន់នេះ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានបញ្ជាក់ថា នេះជាឆ្នាំទី៣ ហើយ ដែល មន្ទីរកសិកម្ម សហការជាមួយមហាវិទ្យាល័យកសិកម្មចំការដូង ធ្វើការសិក្សា អំពីដំណាំដំឡូងបារាំង នៅក្នុងខេត្តមណ្ឌលគិរី។ លោក បន្តថា លើកទី៣នេះ លទ្ធផលការដាំដុះដំឡូងបារាំងមានភាពល្អប្រសើរ ហើយ អាច កំណត់បានពូជដែលត្រូវដាំ និងសមស្របតាមអាកាសធាតុ។ លោក សុង ឃាង សង្ឃឹមថា ឆ្នាំក្រោយ ការដាំដំឡូង បារាំងនេះ និងសាយភាយដល់កសិករ ដែលមានចំណាប់អារម្មណ៍ និងតម្លៃក៏ល្អដែរ ជាពិសេស នឹងធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេស ពូជ ជូនដល់កសិករទៀតផង។

ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃវិទ្យាល័យភូមិន្ទកសិកម្ម បានបន្ថែមថា ភារកិច្ចរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើការបណ្តុះបណ្តាលដល់និស្សិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកសិកម្ម ក្រៅពីបណ្តុះបណ្តាល មានការផ្សព្វផ្សាយនូវរបបគំហើញផ្សេងៗ ហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ និងពិសោធន៍ ដំឡូងបារាំង ដែលយកមកដាំ នៅខេត្តមណ្ដលគិរី ជាលទ្ធផល នៃការពិសោធន៍ ស្រាវជ្រាវរបស់យើងនឹងមានកញ្ចប់បច្ចេកទេសដំឡូងបារាំង អាចឈានដល់ ដំណាក់កាលចុងក្រោយ និងអាចដាំបានហើយនៅខេត្តមណ្ឌលគិរី។ ដូច្នេះ ឯកឧត្តម បានណែនាំដល់មន្ទីរកសិកម្ម និងមហា វិទ្យាល័យកសិកម្មចំការដូង ត្រូវសហការគ្នា ជួយដល់កសិករដែលមានចំណាប់អារម្មណ៍ដាំដំឡូងបារាំងនេះ៕ (អត្ថបទ៖ប៊ុត សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation