ពលរដ្ឋនិងកងទ័ពជាង២ពាន់នាក់ទទួលការពិនិត្យនិងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារទ័ព ជាង២ពាន់នាក់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ត្រូវបានក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ។

ការចុះត្រួតពិនិត្យ និងព្យាបាលជំងឺ នេះធ្វើឡើងនៅនឹងវរសេនាតូចថ្មើរជើងលេខ៥១៤ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងលោកឧត្តមសេនីយ៍ទោ សេង ភារិន មេបញ្ជាការរងយោធភូមិភាគទី៥ និង ជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត លី សុខី ប្រធានប្រតិបត្តិក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានឲ្យដឹងថា ក្រោយពិនិត្យ ព្យាបាលរយៈពេល៧ម៉ោង ចាប់ពីម៉ោង៨:៣០នាទី រហូតដល់ម៉ោង ២:៣០នាទីរសៀល ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលអ្នកជំងឺបានចំនួន ២២៤៦នាក់ ក្នុងនោះ ផ្នែកវះកាត់តូច ចំនួន៤៨នាក់ ផ្នែកពិនិត្យព្យាបាលរោគស្ត្រី ចំនួន១១៥នាក់ ផ្នែកជំងឺទូទៅ ចំនួន១៥២០នាក់ ផ្នែកសម្ភពនិងអេកូសាស្ត្រ ចំនួន១៥១នាក់ ផ្នែកពិនិត្យនិងព្យាបាលមាត់ធ្មេញ ចំនួន១៦២នាក់ និងផ្នែកពិនិត្យភ្នែក ចំនួន២៥០នាក់។

ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត បានបន្តបញ្ជាក់ថា ក្រៅពីការពិនិត្យ និងព្យាបាលខាងលើ ក្រុមការងារ បានផ្តល់ការអប់រំផ្នែកសុខភាព បន្ថែម ជូនដល់ប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យព្យាបាល និងបានចែកវែនតា,ខោអាវ ដល់លោកយាយ លោកតា ជាច្រើននាក់ និងប្រគល់រទេះរុញសម្រាប់ជនពិការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ (អត្ថបទ៖ប៊ុន ចាន់ថន)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation