ស្ពៃក្ដោប កំពុងពេញនិយមរបស់កសិករ ដោយសារទីផ្សារមានតម្លៃខ្ពស់ គ្មានសារធាតុគីមី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ កសិករដាំបន្លែសរីរាង្គនៅខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន កំពុងតែងាកមកដាំបន្លែ ស្ពៃក្ដោបច្រើនជាងប្រភេទបន្លែដទៃ ខណៈដែលស្ពៃក្ដោបខេត្តមណ្ឌលគិរី ត្រូវបានអ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អស្រួយឆ្ងាញ់ជាងប្រភេទស្ពៃក្ដោបដែលដាំតំបន់ផ្សេង ដោយកត្តានេះបានជំរុញឲ្យកសិករពង្រីកការដាំដុះបន្លែស្ពៃក្ដោបទ្វេរដង ដើម្បីធ្វើការផ្គត់ផ្គង់នៅលើទីផ្សារ។

លោក កែវ ប៊ុនសេង (ហៅតាបន្លែ) ជាកសិករដាំបន្លែនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានឲ្យដឹងថា សព្វថ្ងៃនេះលោកដាំបន្លែលើផ្ទៃដីប្រហែល ៤០អា(A) ក្នុងនោះមានដាំស្ពៃក្ដោប ប្រមាណ២ពាន់ ទៅ៣ពាន់គុម្ព ច្រើនជាងប្រភេទបន្លែដទៃ ព្រោះស្ពៃក្ដោបអាចលក់បានក្នុងតម្លៃថ្លៃ និងមានទីផ្សារល្អជាងបន្លែផ្សេងៗ។ លោកបន្តថា ស្ពៃក្ដោបរបស់លោកអាចលក់បានក្នុងតម្លៃ ៥ពាន់រៀល ក្នុង១គីឡូក្រាម ហើយមានប៉ុន្មានក៏លក់អស់ដែរ ព្រោះមានទីផ្សារបញ្ជាទិញច្រើននៅទីក្រុងភ្នំពេញ ដោយថ្ងៃខ្លះមានគេកម្មង់ទិញពីភ្នំពេញដល់ទៅ៣០០គីឡូឯណោះ ចំណែកទីផ្សារក្នុងខេត្តមណ្ឌលគិរីវិញ គឺមួយថ្ងៃមិនក្រោមពី៥០ទៅ៦០គីឡូក្រាមនោះទេ។

កសិករដដែលបានឲ្យដឹងទៀតថា ក្រៅពីប្រភេទបន្លែស្ពៃក្ដោបនេះ នៅមានស្ពៃបូកគោ និងការ៉ុត ក៏អាចលក់បានថ្លៃ និងមានទីផ្សារនាំទៅភ្នំពេញច្រើនដែរ ប៉ុន្តែមិនច្រើនដូចស្ពៃក្ដោបទេ ដូច្នេះហើយទើបលោកសម្រេចចិត្តដាំស្ពៃក្ដោបច្រើនជាងគេ បន្ទាប់មកគឺការ៉ុត និងស្ពៃបូគោ ហើយក្រៅពីនោះគឺមានដាំបន្លែរួមផ្សំតិចតួច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត។

ជាមួយគ្នានេះដែរ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា គិតត្រឹមពេលនេះខេត្តមណ្ឌលគិរីមានផ្ទៃដីដាំស្ពៃក្ដោបប្រមាណ ៣០ម៉ឺនកូន ប្រហែល១១ហិកតា ដែលនេះជាចំនួនកើនឡើងទ្វេគុណ បើធៀបនឹងពេលកន្លងទៅ ហើយលោកពិនិត្យឃើញថា ស្ពៃក្ដោបខេត្តមណ្ឌលគិរីបច្ចុប្បន្នគឺអាចលក់បានក្នុងតម្លៃថ្លៃ និងកំពុងមានទីផ្សារល្អ៕ (នាង ចាន់ថា+សុភក្ត័)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation